អ៊ីវ៉ា បដិសេធ ព័ត៌មាន ឪពុកវាយម្តាយក្មេក ព្រោះខឹងមិនដណ្ដឹងប្រពន្ធថ្មីឲ្យ
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (២៩ ឧសភា ២០១៤) ៖ ថ្មីៗនេះ មានព័ត៌មាន ពីខេត្តកំពង់ស្ពឺមកថា ឪពុករបស់តារាចម្រៀង ក្នុងផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា គឺលោក អ៊ូ ចន្ថា ហៅ អ៊ីវាំង បានខឹងនឹងម្តាយក្មេករបស់ខ្លួន មិនព្រមដណ្តឹងប្រពន្ធថ្មី ឲ្យរូបលោក ក៏កើតអំពើហឹង្សាដេញវាយម្ដាយក្មេក ផ្អើលភូមិ ។
ចំពោះព័ត៌មាននេះបានធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រ និងស្គាល់នាង ព្រមទាំងឪពុក ជាច្រើន មានការភ្ញាក់ផ្អើល និងហួសចិត្តចំពោះដំណឹង នេះគ្រប់ៗគ្នា ខណៈម្ដាយរបស់ អ៊ីវ៉ា ទើបតែទទួលមរណៈភាព មិនទាន់បាត់ផ្សែងភ្លើង ផងនោះ។
ក្រោយពីលេចឮព័ត៌មាននេះកញ្ញា អ៊ីវ៉ា បានចេញមុខបដិសេធចោល ចំពោះការលើកឡើងនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងយ៉ាងខ្លីថា “នាងខ្ញុំ អ៊ីវ៉ា សូមបដិសេធ ចំពោះរឿងព័ត៌មាន ដែលបានចុះផ្សាយថា ឪពុករបស់ខ្ញុំ ខឹងម្តាយក្មេក មិនដណ្តឹងប្រពន្ធឲ្យ ដេញវាយផ្អើលភូមិ មិនមែនជាការពិតនោះទេ។
គេនៅចាំបានថា កាលពីអំឡុងដើម ខែធ្នូ ឆ្នាំ២០១៣ ម្តាយរបស់តារាចម្រៀងរាងតូច កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បានទទួលមរណភាព ដោយសារជំងឺ ដែលធ្វើឲ្យនាងឃ្លាតឆ្ងាយពីសិល្បៈ មួយរយៈ ដើម្បីរំងាប់អារម្មណ៍ បន្ទាប់ពីនាង ត្រូវមានឈ្មោះថា ជាកូនកំព្រាម្តាយ ៕