លោក ហ៊ុន សែន ៖ កម្ពុជា មិនលូកដៃកិច្ចការផ្ទៃក្នុងរបស់ថៃ
សារព័ត៌មាន Cambodia News/
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា កម្ពុជា មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ហើយកម្ពុជា នឹងមិនអនុញ្ញាតឲ្យមានរដ្ឋាភិបាលនិរទេសថៃជាដាច់ខាត។
លោក ហ៊ុន សែន បន្តថា រហូតមកដល់ពេលនេះ កម្ពុជាមិនមានការស្នើសុំ ឬឮពីការបង្កើតរដ្ឋាភិបាលនិរទេសពីលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ គឺគ្រាន់តែឮពីមេធាវីរបស់លោក ថាក់ស៊ីន តែប៉ុណ្ណោះ។
លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនជា ទីតាំងសម្រាប់ការផ្តល់ឲ្យប្រទេសណាមួយ ឬក្រុមណាមួយ មិនថាប្រទេសថៃ ឬប្រទេសណាទេ បង្កើតរដ្ឋាភិបាលនិរទេសនៅក្នុងប្រទេសរបស់ខ្លួនទេ។
រដ្ឋធម្មនុញ្ញកម្ពុជា នឹងមិនអនុញ្ញាតឲ្យកម្ពុជាក្លាយជាទីតាំងប្រឆាំងនឹងប្រទេសណាមួយទេ ។ សង្ឃឹមថាអតីតនាយករដ្ឋមន្ត្រី ថាក់ ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ក៏ដូចជាគណបក្សភឿថៃ នឹងយល់ទៅដល់ជំហររបស់កម្ពុជា។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាជនកម្ពុជា រក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង បើទោះជារដ្ឋាភិបាលថៃ ជារដ្ឋាភិបាលស៊ីវិល ឬយោធាក៏ដោយ។ លោកអំពាវនាវឲ្យប្រជាជនកម្ពុជានៅថៃ និងមានបំណងចូលទៅថៃ គោរពតាមច្បាប់ដែលកម្រិតដោយយោធាថៃ៕