កង្កែប​ក្នុង​វាលស្រែ​អាចជួយ​បង្កើន​ទិន្នផល​ស្រូវ

ភ្នំពេញ (១៨ កក្កដា ២០១២) អង្គការ​​ជំនាញ​ការ​ងារ​​កសិកម្ម​​បាន​​បង្ហាញ​​ឲ្យ​​ដឹង​​ថា សត្វ​​កង្កែប​មាន​​តួនាទី​​សំខាន់​បំផុត​​ក្នុង​​ការ​ការពារ​​មិន​​ឲ្យ​​ដំណាំ​ស្រូវ​​ទទួល​​រង​ការ​​បំផ្លាញ​​ពី​សត្វ​ល្អិត ជា​ពិសេស​នៅ​​ដំណាក់​កាល​​ដំបូង គឺ​ដំណាក់​កាល​សំណាប​ និង​ពេល​ស្រូវ​ទើប​បែកគុម្ពដំបូង។

នៅ​​ក្នុង​​សេចក្ដី​​ប្រកាស​​ព័ត៌មាន​​មួយ​​របស់​​អង្គការសេដាក​​ចេញ​​ផ្សាយ​​នា​​ថ្ងៃ ១៧ កក្កដា នេះ​​បាន​​ឲ្យ​​ដឹង​​​ថា ​កន្លង​មក​​កសិករ​​ភាគ​ច្រើន​មិន​សូវ​បាន​យក​ចិត្តទុក​​ដាក់​ក្នុង​ការ​អភិរក្ស​សត្វ​កង្កែប​ ដើម្បី​ឲ្យ​វា​ជួយ​ការពារ​​ដំណាំ​ស្រូវ​ទេ។

សេចក្ដី​​ប្រកាស​​ព័ត៌មាន​​បាន​​បញ្ជាក់​​ថា នៅ​ពេល​ដើម​រដូវ ​កសិករ​​គិត​តែ​នាំ​គ្នា​​ចាប់​​កង្កែប​​ធ្វើ​​ជា​​ចំណី​​អាហារ​​និង​​លក់​​ទៅ​​វិញ ដោយ​​ការ​​ធ្វើ​របៀប​នេះ​គឺ​​ប្រៀប​ដូច​ជា​ការ​ទប់​ស្កាត់​មិន​ឲ្យ​កង្កែប​​មាន​ឱកាស បង្ក​​កំណើត​​ឲ្យ​​បាន​​ច្រើន ​ដើម្បី​ជួយ​​ការពារ​ដំណាំ​ស្រូវ​​និង​ផ្តល់​ផល​ច្រើន​នៅ​ពេល​ក្រោយ។

លើស​ពី​នេះ​ទៀត ​កសិករ​យើង ក៏​បាន​ធ្វើការ​​ប្រើប្រាស់​សារធាតុ​គីមី​​ដូចជា ជី​គីមី​​និង​ថ្នាំ​ពុល​គីមី ដែល​​នាំ​​ឲ្យ​កង្កែ​បពុល​ងាប់​ជា​ពិសេស​ដោយ​សារ​ស្បែក​កង្កែប ងាយ​​ទទួល​​រង​​ការ​​បំផ្លាញ​​ពី​សារធាតុគីមី​ណាស់។

អង្គការ​សេដាក​បានអំពាវនាវឲ្យកសិករ​គិតគូ​អភិរក្ស និងចិញ្ចឹមកង្កែបតាម​វាលស្រែឲ្យបានគ្រប់គ្នា ដោយ​អនុវត្តតាមគំនិតសំខាន់ៗ ដូចខាងក្រោម​៖

. សូមនាំគ្នាឈប់ចាប់កង្កែបនៅពេលដើមរដូវ។ បើយើងចង់ចាប់​អាច​ចាប់​បាន​ពី​ពាក់​កណ្តាល​រដូវ​ទៅ ​ជាពិសេស​នៅពេលស្រូវបែកគុម្ពបានច្រើន។ (កង្កែប​វា​អាច​ជួយ​ការ​ពារ​ដំណាំស្រូវពីការបំផ្លាញបាន។ កង្កែបមួយវាអាចស៊ីសត្វល្អិត បានក្នុងបរិមាណស្មើនឹងទម្ងន់ខ្លួនរបស់វា)

. កុំប្រើជីគីមី​និងថ្នាំពុលលើស្រូវ​និងស្រែឲ្យសោះ។

. ប្រើជីធម្មជាតិឲ្យបានច្រើនលើដីស្រែ​ជាពិសេសប្រើកំទេចចំបើង អង្កាម ​និងស្លឹកឈើ ដើម្បី​គ្រប​ដី​ចន្លោះគុម្ពស្រូវ ព្រោះវាផ្តល់ជាជំរក​និងចំណីបន្ថែមដល់កង្កែប។

. រៀបចំឲ្យមានកូនចង្អូរ ថ្លុក ឬប្រឡាយ ស្រះក្នុងស្រែ ដើម្បីផ្តល់ជាជំរកដល់កង្កែប។

. ផ្តល់ចំណីបន្ថែមដល់កង្កែប​ដូចជាកន្ទក់ ចុងអង្ករ និងកាកសំណល់ផ្ទះបាយ។ល។

. សហការជាមួយអ្នកជិតខាង​ដើម្បីការពារកុំឲ្យមានការចូលមកចាប់កង្កែបក្នុងវាលស្រែ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ដក​ស្រង់​សំដី​លោក​បណ្ឌិត យ៉ង សាំងកុមារ​ ប្រធាន​អង្គការ​សេដាក​ដោយ​និយាយ​ថា “ការ​អនុវត្ត​នូវ​គំនិត​ខាង​លើ​បាន​ជោគជ័យ ​មិន​ត្រឹម​តែ​ធ្វើ​​ឲ្យ​កសិករ​​ទទួល​​បាន​ផល​ស្រូវ​ច្រើន​ទេ ​គេ​​អាច​​ប្រមូល​​ផល​កង្កែប​សំរាប់​បរិភោគ​​និង​លក់​បាន​ថែម​ទៀត​ផង នៅ​ចុង​រដូវ​ ឬ​ក្រោយ​ពេល​ច្រូត​កាត់” ។ លោក សាំង​កុមារ បាន​​បន្ត​ថា ដើម្បី​​ទទួល​បាន​ផល​កង្កែប​ពី​ស្រែ​ គេ​ត្រូវ​យក​សំណាញ់​ព័ទ្ធ​លើ​ដី​ស្រែ​​នៅ​​ពេល​​ចុង​​រដូវ ​ដើម្បី​ការពារ​កុំ​ឲ្យ​​កង្កែប​​រត់​ចេញ​ពី​ស្រែ​បាត់​ក្រោយ​ពេល​ច្រូត​កាត់៕ ហេង នាង Cambodia News

Related Articles

Back to top button
Close
Close