សាលារាជធានី សម្រេចលុបចោលចំណតរថយន្តបង់ប្រាក់តាមចិញ្ចើមផ្លូវ
សារព័រ៌មាន Cambodia News/
ភ្នំពេញ (០៨ ឧសភា ២០១៤) ៖ ថ្លែងឲ្យដឹងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីអាជ្ញាធរ នៅទូទាំងខណ្ឌដូន ពេញ កាលពីល្ងាចថ្ងៃទី០៦ឧសភា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រកាសជាសាធារណៈថា សាលារាជធានីភ្នំពេញ នឹង លុបបំបាត់ចោល ចំណតរថយន្តជាប់កិច្ចសន្យា និងចំណតអនាធិបតេយ្យ នៅតាមដងផ្លូវមួយចំនួន នៅក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
លោក ប៉ាសុជាតិវង្សបានបញ្ជាក់ថា ករណីចំណតរថយន្តជាប់កិច្ចសន្យា និងចំណតអនាធិបតេយ្យមួយចំនួនក្នុងក្រុងដែលបានយកតម្លៃចតនៅមុខផ្ទះ ប្រជាពលរដ្ឋ គឺសាលារាជធានីភ្នំពេញ សម្រេចលុបចោលទាំងស្រុង។
គោលបំណងដែលសាលារាជធានីភ្នំពេញ សម្រេចលុបចោលចំណតរថយន្ត នៅតាមចិញ្ចើមផ្លូវ គឺ ដើម្បីសម្រូលការកកស្ទះចរាចរណ៍ ទុកចំណែកផ្លូវឲ្យអ្នកដំណើរថ្មើរជើងបានឆ្លងកាត់ និងដើម្បីលំអរសោភ័ណភាពរាជធានីភ្នំពេញផងដែរ។
ការសម្រេចលុបចោលចំណតរថយន្តមួយចំនួន នៅរាជធានីភ្នំពេញ ពីសំណាក់សាលាក្រុង គឺបានធ្វើឡើងឆ្លើយតប នឹងការរិះគន់របស់ប្រជាពលរដ្ឋកន្លងមកកន្លងមក ចំពោះការចំណតរថយន្តនៅតាមចិញ្ចើមផ្លូវនេះ និងការបង់ប្រាក់ផងដែរ។
ជាចំណាត់ការនៅពេលឆាប់ៗខាងមុខនេះ នឹងរៀបចំឲ្យមានការកំណត់ថ្ងៃណាមួយដែលអាចចតសម្រាប់ថ្ងៃសេស និងថ្ងៃគូ និងកំណត់ផ្លូវណាខ្លះ ដែលមិនអាចចតបានជាដាច់ខាត។ ការងារនេះ កម្លាំងសណ្តាប់ធ្នាប់សង្កាត់ខណ្ឌ ត្រូវចុះរៀបចំឲ្យបានច្បាស់លាស់៕