រយៈពេល១០នាទី កូរ៉េខាងជើងបញ្ឈប់ការធ្វើសមយុទ្ធ
សារព័ត៌មាន Cambodia News/
កូរ៉េខាងត្បូង (៣០ មេសា ២០១៤) ៖ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃទី២៩ខែមេសាថា នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ព្រំដែន ដែលជាតំបន់កោះជម្លោះរវាងប្រទេសទាំងពីររួចមក នៅម៉ោងប្រមាណជា២រសៀលថ្ងៃដដែល កូរ៉េខាងជើងក៏បានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនមែន។
ជាមួយនឹងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះ កូរ៉េខាងត្បូងក៏បានត្រៀមកម្លាំងដើម្បីការពារដែរ គឺប្រសិនបើកូរ៉េខាងជើងហ៊ានបាញ់ឆ្លងចូលទឹកដីរបស់ខ្លួន កម្លាំងការពារនឹងបាញ់តបតទៅវិញភា្លម។ចំណែកឯ ប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែន ក៏ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងជម្លៀសចេញផងដែរ ដើម្បីការពារសុវត្ថិភាព។
ក្រោយពីបានចាប់ផ្ដើមសកម្មភាពសមយុទ្ធរបស់ខ្លួន ត្រឹមតែរយៈពេល១០នាទី កូរ៉េខាងជើងក៏បានបិទបញ្ចប់ទៅវិញ ដោយទើបតែបានបាញ់ប្រមាណជា៥០គ្រាប់ប៉ុណ្ណោះ។ មូលហេតុគឺថា កូរ៉េខាងជើងមិនចង់បង្កការព្រួយបារម្ភដល់កូរ៉េខាងត្បូង ព្រោះថាប្រទេសមួយនេះ ទើបតែបានជួបសោកនាដកម្មដ៏រន្ធត់មួយ គឺគ្រោះមហន្ដរាយលិចសាឡាង ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណជា៣០០នាក់៕