សមត្ថកិច្ច ចាប់ផ្តើមរាយលួសបន្លាព័ទ្ធទីលានប្រជាធិបតេយ្យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មេសា ២០១៤) ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា នេះ អាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្តើមរាយលួសបន្លាហ៊ុំព័ទ្ធទីលានប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់នឹងចលនាទាំងឡាយណា ដែលមានបំណងយកទីលានប្រជាធិបតេយ្យជាកន្លែងបញ្ចេញមតិ។
ការ រាយបន្លាលួសនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអង្គារ ប្រកាសយកទីលានប្រជាធិបតេយ្យ រៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី០២ ខែឧសភា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ នឹងចេញលិខិតជាផ្លូវការឆ្លើយតបចំពោះការមិនអញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ(CNRP) ធ្វើការជួបប្រជុំគ្នានៅទីលានប្រជាធិបតេយ្យ។
លោក បន្តថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សនយោបាយទាំងអស់ ធ្វើការប្រមូលផ្តុំ ឬការហែក្បួននៅតាមទីតាំងសាធារណៈឡើយ ប៉ុន្តែសាលារាជធានី អនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗនៅតាមទីស្នាក់ការ និងនៅតាមទីឯកជននានា។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ប្រសិនបើ គណបក្សនយោបាយណា នៅតែបន្តធ្វើសកម្មភាពឃោសនាផ្សេងៗនៅទីលានប្រជាធិបតេយ្យ នោះ អាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ឈប់រាល់ការឃោសនាទាំងអស់របស់គណបក្សនយោបាយនោះ៕