អ្នកមានជម្លោះដីធ្លី ស្នើសុំតំណាងធនាគារពិភពលោក តាមដានការដំណោះស្រាយ របស់សាលារាជធានី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មេសា ២០១៤) ៖ នៅថ្ងៃទី២៤ ខែមរសា នេះ អ្នកមានជម្លោះដីធ្លីប្រមាណជា១០០ នាក់ មកពីសហគមន៍បឹងកក់ អតីតអ្នកបឹងកក់ និងបុរីកីឡា បានប្រមូលផ្តុំនៅការិយាល័យធនាគារពិភពលោក ដោយស្នើសុំតំណាងធនាគារពិភពលោក តាមដានការរកដំណោះស្រាយរបស់សាលារាជធានី។
លិខិតដាក់ទៅធនាគារពិភពលោក ឲ្យដឹងថា អ្នកមានជម្លោះដីធ្លី ស្នើឲ្យមានកិច្ចអន្តរាគមន៍ដោយផ្ទាល់រាល់ពេលដែលសាលារាជធានីភ្នំពេញ កោះហៅប្រជាពលរដ្ឋចូលជួបស្វែងរកដំណោះស្រាយ ដោយសូមឲ្យមានវត្តមានតំណាងធនាគារពិភពលោក១រូប ដែលអាចដឹង និងទទួលបានព័ត៌មានពិតពីការពិភាក្សារកដំណោះស្រាយដីធ្លីជាក់ស្តែង។
លិខិតបន្តថា កាលពីថ្ងៃទី២២ខែមេសា ឆ្នាំ២០១៤ សាលារាជធានី បានអញ្ជើញខាងប្រជាពលរដ្ឋបឹងកក់ភូមិ១លើវាលខ្សាច់ ចំនួន១៤គ្រួសារ ចូលដោះស្រាយ តែមិនមានលទ្ធផលអ្វីបន្តិចសោះសម្រាប់ប្រជាពលរដ្ឋ។
ពលរដ្ឋបន្តថា លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងចំណែកដី១២.៤៤ហិកតា គ្មានសល់ដីសម្រាប់ចែកឲ្យប្រជាពលរដ្ឋទៀតទេ តែដោយផ្អែកលើមនោសញ្ចេតនារបស់អភិបាលរាជធានី គឺផ្តល់ឲ្យដីមួយល្វែង ទំហំ៤គុណ១៨ម៉ែត្រ បើទោះពលរដ្ឋមានទំហំដីធំប៉ុណ្ណាក៏ដោយ ក៏ត្រូវបានទទួលគោលការណ៍នេះដែរ ព្រោះជាការសម្រេចរបស់នាយករដ្ឋមន្ត្រី៕