អ្នកកាសែតកម្ពុជាមកពីស្ថាប័នចំនួន ១០ទទួលបានការបណ្តុះបណ្តាលជំនាញសារព័ត៌មានស៊ីជម្រៅ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មេសា ២០១៤) ៖ អ្នកកាសែតអាជីពជនជាតិខ្មែរចំនួន ១០នាក់ មកពីស្ថាប័នចំនួន១០នៅក្នុងប្រទេសកម្ពុជានឹងចូលរួមវគ្គ បណ្តុះបណ្តាលជំនាញសារព័ត៌មានស៊ីជម្រៅចំនួន១០ថ្ងៃ នៅក្នុងការិយាល័យក្លឹបអ្នកកាសែតកម្ពុជានៅទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១៨មេសានេះ។

វគ្គបណ្តុះបណ្តាលនេះ នឹងអនុញ្ញាតអោយអ្នកកាសែតខ្មែរអាចចែករំលែកបទពិសោធន៍របស់ខ្លួន ជាមួយអ្នកកាសែតបរទេសនិងអនុញ្ញាតអោយពួកគេអាចទទួលបានបទពិសោធន៍ ថ្មីៗពីសាស្ត្រាចារ្យសារព័ត៌មានខ្មែរ បារាំង និងជនជាតិស្វីសដែលមានបទពិសោធន៍ខ្ពស់។
នៅក្នុងវគ្គបណ្តុះបណ្តាលនោះ មានវត្តមាន លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន លោក ប៉ែន សមិទ្ធិប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកស្រីការ៉ូល វ៉ាន់ នាយកទីភ្នាក់ងារព័ត៌មាន InfoSud ជនជាតិស្វីស លោកប៊ិន សុជាតិ តំណាងអង្គការស៊ុយអែតForumSydជនជាតិខ្មែរ លោកស្រីហ្វុងតែន សង់ដ្រា សាស្ត្រាចារ្យសារព័ត៌មានជនជាតិបារាំង លោកស្រីអានឡ ប៉រ៉េ សាស្ត្រាចារ្យសារព័ត៌មានជនជាតិបារាំង និងលោកគី សុខលីម សាស្ត្រាចារ្យសារព័ត៌មានជនជាតិខ្មែរជាដើម។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្លឹប អ្នកកាសែតកម្ពុជាអង្គការស៊ុយអែតForumSyd និងទីភ្នាក់ងារសារព័ត៌មាន InfoSud នៃប្រទេសស្វីស៕