ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០១៤ត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់មនុស្សរាប់សែននាក់
សារព័ត៌មាន Cambodia News
សៀមរាប (១១ មេសា ២០១៤)៖ មន្រ្តីអ្នករៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០១៤ បានមានប្រសាសន៍ថា ក្រុមការងារទាំងយុវជន និងអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់រៀបចំ ព្រឹត្តិការណ៍ជាតិដ៏ធំមួយដែលរំពឹងថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិរាប់ម៉ឺននាក់មកចូលរួម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការវិវត្តចុងក្រោយនៃការត្រៀមប្រារព្វពិធីព្រឹត្តិការណ៍ អង្គរ សង្រ្កាន្ត ២០១៤” នាថ្ងៃសុក្រនេះ លោក សំហេង បុរស ប្រធានលេខាធិការដ្ឋាន នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០១៤ បានលើកឡើងថា ក្រុមយុវជនស្ម័គ្រចិត្តប្រមាណជា ៣.០០០ នាក់ និងអាជ្ញាធរមូលដ្នានប្រចាំខេត្តសៀមរាប ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានត្រៀមលក្ខណៈរួចហើយទៅតាមភារកិច្ច និងជំនាញ រៀងៗខ្លួន ដើម្បីទទួលស្វាគមន៍ជនរួមជាតិ និងភ្ញៀវបរទេសមកចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០១៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់១៦ នៅខេត្តសៀមរាប។
លោក បុរស បានបញ្ជាក់ថា ដើម្បីឲ្យព្រឹត្តិការណ៍មានសុវត្ថិភាព មានសន្តិសុខពេញលេញ និងដើម្បីមានដំណើរការទៅដោយរលូន អាជ្ញាធរខេត្តសៀមរាប ដែលជាម្ចាស់ផ្ទះ និងអគ្គស្នងការនគរបាលជាតិ បានសហគ្នាយ៉ាងជិតស្និតក្នុងការបំពេញការងារនេះ។
ថ្លែងនៅក្នុងសន្និសីទ្ធព័ត៌មាននោះដែរ លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០១៤ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យធ្វើដំណើរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងដំណើរនៅតាមផ្លូវជាតិ និងដំណើរនៅក្នុងតំបន់ក្រុងសៀមរៀប អង្គរ។ លោកក៍បានក្រើនរំលឹកផងដែរឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ដោយធ្វើការបោះសំរាមចោលទៅក្នុងធុង ដែលបានដាក់ត្រៀម ដើម្បីធានានូវបរិយាកាសសប្បាយរីករាយទទួលទេវតាឆ្នាំថ្មី។ លោក រតនា បានបន្តថា ការទៅទស្សនាព្រឹត្តិការណ៍នេះពីសំណាក់បងប្អូនជនរួមជាតិខ្មែរយើង គឺមានន័យថា ជាការចូលរួមមួយដ៏មានតម្លៃមួយក្នុងការលើកស្ទួយវប្បធម៌ និងអរិយធម៌ខ្មែរ។
គួររំលឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០១៤ នេះ មានគោលបំណងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរបានចូលរួមអបអរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ផ្តល់ឱកាសឲ្យយុវជនបានស្វែងយល់ពីវប្បធម៌ និងអរិយធម៌ ដ៏ល្បីល្បាញរបស់ខ្លួន លើកស្ទួយវិស័យទេស ចរណ៍ បង្ហាញពីឯកភាពជាតិ សាមគ្គីភាព និងមោទនភាពជាតិខ្មែរ។ មិនខុសពីឆ្នាំមុនទេ ព្រឹត្តិការណ៍នាឆ្នាំនេះរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា និងមានការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋ និងឯកជន និងអជ្ញាធរពាក់ព័ន្ធជាច្រើនទៀត៕ (អត្ថបទសហភាពសព័ន្ធយុវជនកម្ពុជា)