សាលារាជធានីភ្នំពេញ ពិចារណាលើសំណើ CNRP សុំប្ដូរ ទីតាំងរៀបចំពិធីបង្សុកូល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មេសា ២០១៤) ៖ នៅថ្ងៃទី០៩ ខែមេសា នេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងថា សាលារាជធានីភ្នំពេញ កំពុងពិចារណាលើសំណើ របស់គណបក្ស សង្គ្រោះជាតិ (CNRP) ដែលសុំប្ដូរ ទីតាំងរៀបចំពិធី បង្សុកូលមកប្រារព្ធ នៅសារមន្ទីរជើងឯកវិញ។
លោក ឡុង ឌីម៉ង់ បន្តថា ” យើងបានទទួលសំណើ ជាថ្មីរបស់ គណបក្ស សង្គ្រោះជាតិ ហើយឥឡូវនេះ យើងកំពុងតែដាក់បន្ត ទៅលោក ប៉ា សុជាតិវង្ស ពិចារណាលើសំណើនេះ (ប៉ុន្តែ) ចម្លើយបែបណានោះ គឺមានទាន់មានទេ”។
បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអនុញ្ញាត ឲ្យគណបក្សសង្គ្រោះជាតិ (CNRP) រៀបចំពិធីបង្សុកូលនៅ សារមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែងរួចមក នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ ក៏បានផ្ញើលិខិត ទៅសាលារាជធានីភ្នំពេញ សុំប្ដូរទីតាំងបង្សុកូលរាប់បាត្រ មកប្រារព្ធនៅសារមន្ទីរ ជើងឯកវិញម្ដង នៅថ្ងៃ ទី១៧ ខែមេសា ខាងមុខ។
ពិធីរាប់បាត្របង្សុកូលនេះ ធ្វើឡើងក្នុងគោលបំណង ឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធ អ្នកដែល បានបាត់ បងជីវិត ក្នុងរបបពូជសាសន៍ខ្មែរក្រហម។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ប្រធាននិងអនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា៕