ទណ្ឌិត ៥៥៥នាក់ត្រូវបានលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មេសា ២០១៤) ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បន្ទាប់ពីបានពិភាក្សា និងពិនិត្យសំណើ របស់ប្រធានពន្ធនាគារទូទាំងប្រទេសអស់រយៈពេលជិតមួយខែរួចមក ក្រសួងយុត្តិធម៌បានសម្រេចដោះលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៥៥៥នាក់ ។
លោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យក្រសួងយុត្តិធម៌បានប្រាប់អ្នកកាសែតឱ្យដឹងថា ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ មានបីផ្នែកគឺ ការបន្ធូរបន្ថយទោសទណ្ឌិតរយៈពេល១២ខែ មានចំនួន១១៦នាក់ ការបន្ធូរបន្ថយទោសទណ្ឌិតរយៈពេល៩ខែ មានចំនួន១១១នាក់ ការបន្ធូរបន្ថយទោសរយៈពេល៦ខែ មានចំនួន២៥៨នាក់ និងការលើកលែងទោសទណ្ឌិតឱ្យមានសេរីភាពតែម្តងមានចំនួន៧០នាក់ ។
លោក សំ ប្រជាមានិត បានឱ្យដឹងទៀតថា ការបន្ធូរបន្ថយទោស និងលើកលែងទោសដែលមានលក្ខណៈខុសគ្នា១២ខែ ៩ខែ ៦ខែ និងលើកលែងទោសតែម្តងនោះ អាស្រ័យលើទណ្ឌិតដែលបានអនុវត្តទោសតាមច្បាប់កំណត់ចំនួនប៉ុនណា ដូចជាបទមជ្ឈិមទទួលទោសបានប៉ុន្មាន និងបទឧក្រិដ្ឋបានចំនួនប៉ុន្មាន អាចបន្ធូរបន្ថយទោសបានចំនួនប៉ុន្មាន? ប៉ុន្តែអ្នកទោសដែលជាប់ពន្ធនាគាររយៈពេលច្រើនឆ្នាំ និងទោសធ្ងន់ៗតាមច្បាប់កំណត់នោះអាចបន្ធូរបន្ថយទៅតាមច្បាប់ផង ដែរ ដែលការបន្ថយទោសមាន១២ខែ ៩ខែ ៦ខែ និងលើកលែងទោសតែម្តង ។
លោកប្រធានខុទ្ទកាល័យបានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំៗក្រសួងយុត្តិធម៌បានបន្ធូរបន្ថយទោស និងដោះលែងទណ្ឌិតចំនួនបីដងគឺនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក៕