លោក ហ៊ុន សែន៖ ករណីលោក សម រង្ស៊ី អាចប្តឹងទៅតុលាការ មុនចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ មេសា ២០១៤) ៖ នៅថ្ងៃទី០៧ ខែមេសា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅមជ្ឈមណ្ឌលកោះពេជ្រ ថា ករណីលោក សម រង្ស៊ី អាចនឹងត្រូវប្តឹងទៅតុលាការមុនចូលឆ្នាំថ្មីនេះ ។
លោក ហ៊ុន សែនបន្តថា អ្នកច្បាប់កំពុងសិក្សាករណីប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី អំពីកំហុសប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការប្រមាថព្រះមហាក្សត្រ ត្បិតមិនមានច្បាប់ណាចែងពីទោសបញ្ញត្តិ ប៉ុន្តែក្នុងករណីលោកសម រង្ស៊ីគឺ ជាការប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
លិខិត របស់លោក សម រង្ស៊ី ចេញផ្សាយកាលពីថ្ងៃទី០២ ខែមេសា ឲ្យដឹងថា ក្នុងឋានៈលោកជាប្រធានគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជាពលរដ្ឋយ៉ាងតិច៣លាននាក់ លោក សម រង្ស៊ី សូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះករុណាជាអម្ចាស់ ទ្រង់ព្រះមេត្តាជ្រាបថា រដ្ឋសភាបច្ចុប្បន្នបង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា គឺជាសភាឯកបក្ស ដែលតំណាងមកពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះមិនមែនតំណាងឲ្យ ពលរដ្ឋខ្មែរទាំងមូលឡើយ៕