សិស្សប្រឡងបាក់ឌុបឆ្នាំនេះ អាចប្រឈមការធ្លាក់ស្វ័យប្រវត្តិ បើប្រព្រឹត្តខុសឆ្គង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មេសា ២០១៤) ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអប់រំ ព្រមានចាត់វិធានការខ្លាំងៗ លើសិស្សប្រឡងបាក់ឌុប ដែលលួចចម្លង ឬប្រព្រឹត្តផ្ទុយនឹងបទបញ្ជា ដោយកំណត់វិន័យឲ្យធ្លាក់ជាស្វ័យប្រវត្តិ ព្យួរការប្រឡងរយៈពេល២ឆ្នាំ ឬអាចឈានដល់ការប្រឈមមុខផ្លូវច្បាប់។

សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដឹងថា សិស្សដែលបង្កនូវបាតុភាពមិនប្រក្រតីក្នុងមណ្ឌលប្រឡង អាចប្រឈមនឹងការកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ រួមនឹងផ្អាកមិនឲ្យប្រឡងមួយឆ្នាំបន្ទាប់ ឬពីរឆ្នាំបន្ទាប់ជាដើម ក្នុងករណីរកឃើញថា បានប្រព្រឹត្តខុសឆ្គង ដូចដែលបានចែងជាមុននោះ។
សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដឹងដែរថា សិស្សដែលបង្កភាពមិនប្រក្រតីធ្ងន់ធ្ងរ អាចប្រឈមនឹងការលុបឈ្មោះចេញពីគ្រឹះស្ថានសិក្សា រួចបញ្ជូនខ្លួនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមានទៀតផង។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣- ២០១៤ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើឡើងថ្ងៃទី៤ និងទី៥ ខែសីហា ខាងមុខនេះ៕