ក្មេងអាយុ ២ឆ្នាំ ជួយសង្គ្រោះជីវិតម្តាយបាន
សារព័ត៌មាន Cambodia News/
អន្តរជាតិ (០២ មេសា ២០១៤) ៖ តាមធម្មតាក្មេងពុំមានគំនិតវែងឆ្ងាយពីការធ្វើអ្វីមួយទេ ប៉ុន្តែក្មេងប្រុសជនជាតិអង់គ្លេសម្នាក់នេះមានអាយុទើប ២ឆ្នាំសោះចេះជួយម្តាយរបស់ខ្លួនក្នុងពេលជួបគ្រោះថ្នាក់ ដោយបានទាក់ទងឲ្យគេជួយសង្គ្រោះបន្ទាន់។
រឿងនេះគឺថា ស្ត្រីរងគ្រោះបានជួបឧបទ្ទវហេតុរអិលដួលនេះ ស្ថិតនៅតំបន់ Leicestershireក្នុងប្រទេសអង់គ្លេសភាគកណ្ដាល។ កូនប្រុសតូចរបស់គាត់បែរជាចេះខលទៅលេខសង្គ្រោះបន្ទាន់ ៩៩៩ ភ្លាមៗក្រោយពីម្ដាយជួបគ្រោះថ្នាក់។
តាមប្រភពព័ត៌មានបង្ហាញថា ដោយសារនៅតូចពេកមិនទាន់ចេះនិយាយស្រួលបួលផងនោះ ក្មេងប្រុសដ៏សែនឆ្លាតនេះ បាននិយាយទូរស័ព្ទជាមួយអ្នកសង្គ្រោះថា “ម៉ាក់គេង ម៉ាក់គេង ម៉ាក់គេងលើកកម្រាល”។
អ្នកទទួលទូរស័ព្ទបានស្ដាប់ឮក្មេងនិយាយបែបនេះ ក៏ចាត់រថយន្តសង្គ្រោះបន្ទាន់ក៏ចេញដំណើរសំដៅទៅផ្ទះជនរងគ្រោះភ្លាមដែរ។ មិនយូរប៉ុន្មានបន្ទាប់ពីវេជ្ជបណ្ឌិតមកដល់ផ្ទះគ្រួសារស្ត្រីរងគ្រោះ ហើយបានបញ្ជូននាងចូលបន្ទប់វះកាត់សង្គ្រោះបន្ទាន់ ព្រោះរកឃើញឈាមកក និងមានហូរឈាមច្រើននៅត្រង់ស្បូន។ ក្រោយមកស្ត្រីម្នាក់នោះ ក៏បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
ប្រភពព័ត៌មានបង្ហាញថា ស្ត្រីរងគ្រោះមានអាយុ ២៧ឆ្នាំបានបង្ហាញអារម្មណ៍ បន្ទាប់ដឹងខ្លួនថានាងមានក្ដីរំភើបចិត្ត និងមានមោទនភាពយ៉ាងខ្លាំងជាទីបំផុតចំពោះកូនប្រុសតូច ដែលបានជួយសង្គ្រោះជីវិតរបស់ខ្លួនទាំងអាយុនៅក្មេងខ្ចីទើបតែ ២ឆ្នាំបែបនេះ៕