ក្រសួងការងារជូនដំណឹងឲ្យម្ចាស់សហគ្រាសគ្រឹះ អនុញ្ញាតឲ្យកម្មករ ឈប់សម្រាកបីថ្ងៃ នៅថ្ងៃបុណ្យចូលឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ មេសា ២០១៤) ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើសេចក្តីជូនដំណឹងដល់ម្ចាស់ និងនាយកសហ គ្រាសគ្រឹះស្ថានទាំងអស់ ដែលឋិតក្នុងដែនអនុវត្តនៃច្បាប់ការងារ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិតរបស់ខ្លួន ឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ដោយមានប្រាក់ឈ្នួលធម្មតា។
សេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ បានឲ្យដឹងថា ក្នុងកំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេលបីថ្ងៃ ខាងមុខនេះ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិតរបស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល ហើយក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ម្ចាស់ និងនាយកសហគ្រាសគ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករ និយោជិត ឲ្យមានការស្ម័គ្រចិត្ត ធ្វើការ ដោយមានសិទ្ធិទទួលបានប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងការងារ ក៏បានសំណូមពរឲ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹៈស្ថានចាត់តាំងឲ្យមានការលេងល្បែងកំសាន្តនានា នៅតាមស្នាក់ការរបស់ខ្លួន ក្នុងករណីមានលទ្ធភាព ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំ និងដើម្បីលើកទឹកចិត្តដល់បងប្អូន កម្មករ និយោជិកដែលបានបំពេញការងារកន្លងមក៕