សាលារាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់គណបក្សសង្គ្រោះជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ មេសា ២០១៤) ៖ សាលារាជធានីភ្នំពេញបានចេញលិខិតមួយច្រានចោលការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិដែល និយាយថាសមត្ថកិច្ចរាជធានីភ្នំពេញបានប្រើហិង្សាបង្ក្រាបលើការជួបជុំប្រជាពលរដ្ឋដឹកនាំដោយប្រធានវិទ្យុ សំបុកឃ្មុំលោកម៉មសូណង់ដូ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣១មីនាម្សិលមិញបានថ្លែងការប៉ះទង្គិចគ្នាកាល ពីម្សិលមិញរវាងក្រុមអ្នកតវ៉ាជាមួយនឹងសមត្ថកិច្ចគឺបង្កឡើងដោយការញុះញង់របស់គណបក្សសង្គ្រោះជាតិនិង សង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានដដែលទោះជាយ៉ាង ណាក៏ដោយបានសម្តែងក្តីសោកស្តាយចំពោះការប៉ះទង្គិចគ្នារវាង ក្រុមអ្នកតវ៉ានិងសមត្ថកិច្ចផងដែរ។ គួររំលឹកថា សាលារាជធានីភ្នំពេញបានថ្លែងថា ការជួបជុំគ្នាដើម្បីសម្តែងសិទ្ធិ សេរីភាពបញ្ចេញមតិនឹងអាចធ្វើនៅតាមទីស្នាក់ការគណបក្សឬការិយាល័យរៀងៗខ្លួន ប៉ុន្តែមិនត្រូវប្រើទីសាធារណៈ ឬទីលានប្រជាធិបតេយ្យ នាពេលនេះ ទេ។
សាលារាជធានីភ្នំពេញបានបញ្ជាក់ថា អាស្រ័យដោយអាជ្ញាធរមានសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតហេតុការណ៍ដែលនាំឲ្យកើតមានអំពើហឹង្សា និងការខាតបង់ នានាក្នុងព្រឹត្តិការណ៍កន្លង មកមិនទាន់បញ្ចប់ជាស្ថាពរ ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យធ្វើការរៀបចំពិធីណា មួយនៅទីលានប្រជាធិបតេយ្យ ឬនៅទីតាំងសាធារណៈណា មួយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើយ៕