នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គនៅ វៀតណាម ដើមខែមេសា
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២៨ មិនា ២០១៤) ៖ ជាការឆ្លើយតបតាម ការអញ្ជើញរបស់លោកង្វៀង តាន់យ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃគណៈកម្មការទន្លេមេគង្គ ក្រោមប្រធានបទ”ទឹក ថាមពល និងសន្តិសុខស្បៀងនៅក្នុងបរិបទបំរែបំរួល អាកាសធាតុសម្រាប់អាងទន្លេមេគង្គ” ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី០៤ ដល់០៥ ខែមេសា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ មីនានេះ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា គណៈប្រតិភូដែលអមដំណើរសម្តេចហ៊ុន សែន រួមមាន លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសមាជិកដទៃផ្សេងទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ នឹងពិភាក្សាលើបញ្ហាមួយចំនួន ស្តីពីកាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃទន្លេមេគង្គ ក្នុងបរិបទនៃកំណើនតម្រូវការធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍ និងការបំរែបំរួលអាកាសធាតុ៕