រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នឹងស្នើមិន ឱ្យចាក់បទចម្រៀងមួយចំនួនរបស់ផលិតកម្មថោន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មិនា ២០១៤) ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវកាញារីទ្ធ បានសរសេរឆ្លើយតបតាមរយៈសារអេឡិចត្រូនិក ខ្លីមួយកាលពីព្រឹកម្សិលមិញ នេះថាលោកនឹងស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនឱ្យចាក់បទ ចម្រៀងមួយចំនួនរបស់ផលិតកម្ម Town ដែលទើបចេញ សម្រាប់បុណ្យចូលឆ្នាំនោះទេ។
ហេតុផលគឺ បណ្ដាលមកពីការប្រើប្រាស់ពាក្យពេចន៍មិនគប្បីដែលមហាជនយល់ថា ប៉ះពាល់ដល់វប្បធម៌ខ្មែរ ដោយមានមតិប្រជាពលរដ្ឋមួយចំនួនបានរិះគន់ទៅលើបទចំរៀង ដែលមានចំណងជើង និងច្រៀងក្នុងន័យសូសៀងបែបមិនសមរម្យ រឺអាសអាភាសដែលអាចប៉ះពាល់វប្បធម៌ប្រពៃណីខ្មែរ ទោះជាបទទាំងនេះមិនមាន ន័យចំទៅលើរឿងអាសអាភាសក៏ដោយ ។
មានទាំងការគាំទ្រនិងរិះគន់ ខណៈពេលដែលយុវវ័យនិងប្រជាពលរដ្ឋមួយចំនួនកំពុងពេញនិយមបទថ្មី ជា ពិសេសបទចំរៀងចូលឆ្នាំខ្មែរដែលមានចំណងជើងពូកអូនប៉ុណ្ណា,បបរ ក្ដៅ,ដួលគងចំប៉ាន់ ឈឺត្រង់ពកណាស់ ។
លោក រដ្ឋមន្ដ្រីបានមានប្រសាសន៍បន្ថែមថា ក្រសួងព័ត៌មានគ្មានសិទ្ធិ ហាមឃាត់ការចែកចាយនោះទេ ដោយបានលើកឡើងថា រឿងនេះជាសមត្ថ កិច្ចក្រសួងវប្បធម៌ទៅវិញ ។ ចំពោះបម្រាមចាក់ផ្សាយលើប្រពន្ធផ្សព្វផ្សាយ មិនទាន់បានធ្វើឡើងជាលាយលក្ខណ៍ អក្សរនៅឡើយទេ ត្រឹមជាពាក្យសម្ដីប៉ុណ្ណោះ៕