អាហារសម្រាប់ស្ត្រីកូនខ្ចី
សារព័ត៌មាន Cambodia News/
សុខភាព (២៤ មិនា ២០១៤)៖ ស្រ្តីដែលទើបសម្រាលកូន គួរបរិភោគអាហារគ្រប់ប្រភេទ ដែលមានជាតិប្រូតេអ៊ីន វីតាមីន ជាតិសាច់ ជាតិខ្លាញ់ ស៊ុត បន្លែ និងផ្លែឈើគ្រប់ប្រភេទ ដើម្បីឲ្យមានកំលាំង និងសំបូរទឹកដោះសម្រាប់ទារកបៅ។
ត្រូវប្រាកដថាអាហារទាំងអស់បាន លាងសម្អាតស្អាត ដើម្បីកុំឲ្យមានមេរោគ គ្មានជាតិគីមី និងចម្អិនបានល្អ។ គួរចៀសវាងញុំាបន្លែឆៅដែលអាចមានមេរោគនាំឲ្យរាគរូស។ បន្លែ គ្រប់ប្រភេទ មានដូចជាល្ហុង ស្ពៃ ផ្ទី ស្លឹកបាស ត្រកួន ព្រលឹត ការ៉ុត ដែលអាចរកបាននៅជុំវិញផ្ទះ សុទ្ធតែមានប្រយោជន៍ចំពោះសុខភាពម្តាយ។
ចំពោះផ្លែឈើវិញ ស្ត្រីកូនខ្ចីក៏អាចបរិភោគបានគ្រប់មុខដែរ ហើយគួរបរិភោគផ្លែឈើដែលមានជាតិសសៃឲ្យបានច្រើន ដើម្បីជួយសម្រួលដល់ប្រព័ន្ធបញ្ចេញចោល ដូចជាល្ហុងទុំ ដំឡូងស្ងោរ ស្វាយទុំ ខ្នុរទុំ ដែលងាយរកបាន។
ក្រៅពីបន្លែ និងផ្លែឈើ ស្រ្តីកូនខ្ចីគួរបរិភោគសាច់ និងស៊ុតគ្រប់ប្រភេទដែលចម្អិនបានឆ្អិនល្អ រួមមានសាច់ជ្រូក សាច់គោ សាច់មាន់ សាច់មានជាតិខ្លាញ់ ត្រី កង្កែប ខ្យង ក្តាមជាដើម។ ទន្ទឹមនឹងនេះ បាយ និងគ្រាប់ធញ្ញជាតិផ្សេងៗ ដូចជាសណ្តែកគ្រប់ប្រភេទ ក៏ជាអាហារល្អសម្រាប់ស្រ្តីកូនខ្ចីផងដែរ។
ស្រ្តីកូនខ្ចីគួរចៀសវាងអាហារផ្អាប់ អាហារឆៅដែលចម្អិនមិនបានល្អ កាហ្វេ ស្រាគ្រប់ប្រភេទ រីឯអាហារហឹរ គួរញុំាក្នុងបរិមាណសមរម្យ។ ដោយឡែកទឹក ត្រូវផឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន យ៉ាងហោច ពីរលីត្រក្នុងមួយថ្ងៃ។
ការញុំាអាហារដែលមានជីវជាតិបានច្រើន ធ្វើឲ្យស្រ្តីមានទឹកដោះកាន់តែច្រើនសម្រាប់កូនបៅ។ នៅពេលទើបសម្រាលដំបូង ស្ត្រីត្រូវឲ្យទារកបៅទឹកដោះដំបូងឲ្យបានច្រើនតាម ដែលអាចធ្វើទៅបាន។ ត្រូវដាក់ឲ្យកូនបៅ និងជញ្ជក់រហូតចេញទឹកដោះ។ ចំពោះការប្រើប្រាស់ថ្នាំសម្រាប់ស្រ្តីកូនខ្ចី ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវ ពីគ្រូពេទ្យ។ ថ្នាំខ្លះ អាចធ្វើឲ្យស្រ្តីមិនមានទឹកដោះ។
ដោយឡែកពាក្យថាទាស់ ដែលចាស់ៗតែងនិយាយណែនាំកូនចៅ ដែលមានកូនខ្ចីនោះ មានន័យថាគឺជា ការបង្ករោគ ឬការឆ្លងមេរោគ ដែលអាចបណ្តាលមកពីការញុំាអាហារដែលមិនស្អាត មានមេរោគ ឬចម្អិនមិនបានល្អ។ ដូច្នេះ ប្រសិនបើស្រ្តីកូនខ្ចីមានអាការៈមិនប្រក្រតីកើតឡើង សូមរួសរាន់ទៅមណ្ឌលសុខភាព ជួបគ្រូពេទ្យជំនាញ ចៀសវាងការបន់ស្រន់ សែនព្រេន ដែលអាចធ្វើឲ្យស្រ្តីប្រឈមនឹងគ្រោះថ្នាក់។