យុវជន ៣នាក់ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៤ មិនា ២០១៤) ៖ កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា យុវជន៣នាក់ ម្នាក់បានស្លាប់ភ្លាមៗនិង២នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលត្រូវជនមិនស្គាល់មុខជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាព បាញ់ប្រហារទៅលើយុវជនទាំង៣នាក់ នៅមុខក្រសួងព័ត៌មាន ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
យុវជនទាំង៣នាក់ ដែលត្រូវជនសង្ស័យបាញ់ខាងលើនេះមានទី១. វ៉ាន់ សុធារ៉ា ហៅជេម អាយុ២៦ឆ្នាំ មុខរបរអ្នករត់តាក់ស៊ីភ្នំពេញ ព្រះសីហនុ ស្នាក់នៅផ្ទះលេខ៤២ ប្លុកបុរីមួយកន្លែង សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ត្រូវគ្រាប់ចំដោះខាងស្តាំ បណ្តាលឲ្យស្លាប់, ទី២.ឈ្មោះ ថាយ ម៉េង អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រងរបួសធ្ងន់ ត្រូវគ្រាប់ចំដោះខាងឆ្វេង និងទី៣.ឈ្មោះ ជិន ហួតរ៉ាឌី អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងសង្កាត់អូរឫស្សី ខណ្ឌ៧មករា ត្រូវចំចង្អុលដៃ រងរបួសស្រាល ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ ជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូចេញពីក្លិបកម្សាន្ត ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ។ លុះជិះដល់មុខក្រសួងព័ត៌មានស្រាប់តែមានជនសង្ស័យមួយក្រុម ជិះម៉ូតូមកអែបក៏បានធ្វើសកម្មភាពបាញ់ជនរងគ្រោះបណ្តាលឲ្យ ម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ស្រាល រួចជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសព ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលត្រូវបានគេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ។ ចំណែកសមត្ថកិច្ចក៏បានចុះស្រាវជ្រាវរកមុខសញ្ញាក្រុមជនប្រដាប់ អាវុធខាងលើនេះ៕