តំណាងកម្មករ ២០នាក់នៃរោងចក្រវីងស្តារ ជួបចរចាជាមួយក្រសួងការងារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២០ មិនា ២០១៤)៖ នៅព្រឹកថ្ងៃទី២០ ខែមិនា នេះ តំណាងសហជីព និងតំណាងកម្មករចំនួន២០នាក់ នៅរោងចក្រដេរស្បែកជើងវីងស្តារក្នុងភូមិអង្គសុគន្ធា សង្កាត់មហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឡើងមករាជធានីភ្នំពេញ ដើម្បីជួបជាមួយមន្ត្រីក្រសួងការងារក្នុងការចរចា ខណៈកម្មករជិត៧ពាន់នាក់ នៅតែបន្តតវ៉ានៅថ្ងៃនេះ។
កម្មករបានតវ៉ា៤ថ្ងៃមកហើយ ដោយទាមទារ ឲ្យក្រុមហ៊ុន ផ្តល់លុយបន្ថែមមួយម៉ោងចំនួន២ពាន់រៀល ដំឡើងប្រាក់ លើកទឹកចិត្តចំនួន១៥ដុល្លារក្នុងមួយខែ លុយស្នាក់នៅចំនួន១៥ដុល្លារក្នុងមួយខែ កុំឲ្យក្រុមហ៊ុនបង្ខំកម្មករឲ្យធ្វើការហួសម៉ោង ឈប់កាត់ប្រាក់ខែ អំឡុងពេលធ្វើកូដកម្ម សុំដកសន្តិសុខបុរសចេញពីកៅបន្ទប់ទឹកស្ត្រីក្នុងរោងចក្រ និងស្នើឲ្យក្រុមហ៊ុនផ្តល់លុយបាយថ្ងៃត្រង់ចំនួន៥ពាន់រៀលជាដើម។
កម្មករដែលកំពុងតវ៉ា មកពីសហជីពចំនួន៦ផ្សេងគ្នា ហើយអ្នកឡើងមកចរចានៅភ្នំពេញ ថ្ងៃនេះ គឺសហជីពតែមួយទេ ដែលនឹងមកចរចាទាមទារលក្ខខណ្ឌការងារចំនួន១០ចំណុច ក្នុង២០ចំណុច៕