រោគសញ្ញាជំងឺ គីសមាត់ស្បូន
វត្តី/សារព័ត៌មាន Cambodia News/
សុខភាព(១៩ មិនា ២០១៤)៖ គីសមាត់ស្បូនជាជម្ងឺមួយប្រភេទ ដែលកើតនៅលើមាត់ស្បូនរបស់ស្ដ្រី ជាពិសេសស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ ជម្ងឺ នេះមិនបណ្ដាល ឱ្យស្ដ្រី គ្រោះថ្នាក់ ធ្ងន់ធ្ងរដល់ជីវិតទេ ប្រសិនបើមានការព្យាបាលបានត្រឹមត្រូវ ប៉ុន្ដែជាបញ្ហាសុខភាពដែលចាំបាច់ត្រូវ តែព្យាបាល។
គីសមាត់ស្បូន ជាពងទឹកតូចៗ ប្រៀបដូចជាគ្រាប់មុនដែលកើតលើផ្ទៃមុខអញ្ចឹងដែរ។ ប៉ុន្ដែនេះវាកើតនៅលើមាត់ស្បូន ហើយមានទំហំធំប៉ុនចុងជើងធូប ឬប៉ុនគ្រាប់សណ្ដែកបាយដែលមានចំនួនតិច ឬច្រើនទៅតាមកម្រិតនៃជម្ងឺ។
គីសមាន លក្ខណៈទន់ៗ ប្រសិនបើជួសវាទឹកនោះចេញមកក្រៅមានសណ្ឋានដូចជាទឹករំអិលត្រី។ ប៉ុន្ដែបើគីសទុករយៈពេលយូរនឹងរោគក្លាយជាខ្ទុះ បន្ទាប់មក នាំឱ្យមានដំបៅនៅមាត់ស្បូន។
គីសកើតឡើងបណ្ដាលមកពីការរាំងស្ទះ នៃក្រពេញសម្រាប់បញ្ចេញទឹករំអិល របស់ស្ដ្រី។ ការកកស្ទះនេះនាំឱ្យកទៅជាពង ទឹកនៅមាត់ស្បូន។ គីសខ្លះទៀតកើតដោយសារការធ្វើអនាម័យប្រដាប់ភេទមិនបានស្អាតល្អជាហេតុ ធ្វើឱ្យក្រពេញបញ្ចេញទឹករំអិល កកស្ទះរន្ធ ដោយសារមានការករោគតិចតួចនៅមាត់ស្បូន។
គីសមាត់ស្បូនមិនចាំបាច់ ព្យាបាលដោយការដុតមាត់ស្បូនទេ គឺព្យាបាលទៅតាមមូលហេតុរបស់វា។ ប្រសិនបើគីសនោះ កើតឡើងដោយការករោគ ការព្យាបាលគឺត្រូវប្រើថ្នាំសម្លាប់មេរោគដែលធ្វើឱ្យទឹកក្រពេញដែលស្ទះ ហូរចេញមកគីសនោះនឹងរលាយ ដោយឯកឯង។
ប្រសិនបើក្រពេញស្ទះរន្ធដោយសារ ការខ្វះអនាម័យមាត់ស្បូននាំឱ្យមាន ការករោគតិចតួច តែមិនមែនជាជម្ងឺកាមរោគ ទេការព្យាបាលដោយគ្រាន់តែលាងសម្អាតដោយទឹកថ្នាំសម្លាប់មេរោគ គីសមាត់ស្បូននឹងបាត់ទៅវិញ។ ស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ មានចាប់ពីអាយុ៣០ឆ្នាំឡើងទៅគួរទៅពិនិត្យសុខភាពឱ្យបានយ៉ាងហោចណាស់ ម្ដងក្នុងមួយឆ្នាំ៕