NGO ទទូចឲ្យរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ចំពោះក្រុមអ្នកប្លែងភេទ
ឆាយ សុផល/
សារព័ត៌មានយុវវ័យថ្មី and Cambodia News/
ភ្នំពេញ (១៤ មីនា ២០១៤)៖ ខាណា ដែលជាអង្គការមិនមែនរដ្ឋាភិបាល (NGO) នាំមុខគេនៅក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ នៅកម្ពុជានៅសប្តាហ៍នេះបានស្នើឲ្យរដ្ឋាភិបាលលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន បង្កើនការយកចិត្តទុកដាក់ដល់សិទ្ធិមនុស្សប្លែងភេទ (Transgender people) ដូចជាបុរសដែលប្លែងភេទជាស្រី។
នៅក្នុងអត្ថបទមួយរបស់ខ្លួនដែលមានចំណងជើងថា “លើកកម្ពស់សមភាពអប់រំដល់ក្រុមអ្នកប្លែងភេទ ដើម្បីសមភាពយេនឌ័រ និងការអភិវឌ្ឍជាតិកាន់តែប្រសើរ” អង្គការខាណាបានសរសេរថា រាជរដ្ឋាភិបាលកម្ពុជាអាចផ្តល់អាទិភាពនៃការអភិវឌ្ឍក្រុម ប្លែងភេទ តាមរយៈការបញ្ចូលបទអន្តរាគមន៍ ពិសេសលើក្រុមងាយរងគ្រោះ ដោយរួមមានក្រុមប្លែងភេទផងដែរនៅក្នុងយុទ្ធសាស្រ្តជាតិរបស់ក្រសួង កិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច ។ល។
អត្ថបទបានបញ្ជាក់ថា ការលើកតម្កើងសមភាពអប់រំ សមភាពយេនឌ័រ និងការទទួលស្គាល់របស់សង្គមដល់ក្រុមប្លែងភេទគឺជាកាតព្វកិច្ច សំខាន់មួយរបស់ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់តំបន់ និងថ្នាក់ជាតិ។
ដោយសំអាងថា ការងារអប់រំអាចក្លាយជាយុទ្ធសាស្រ្តដ៏ចម្បងឈានទៅរកភាពជោគជ័យនៃ កម្មវិធីការងារប្រយុទ្ធប្រឆាំងនិងទិសដៅលុបបំបាត់មេរោគអេដស៍ អង្គការខាណាបានសរសេរថា “កម្មវិធីអេដស៍ ក៏ដូចជាក្រសួងស្ថាប័នមួយចំនួនធំមិនទាន់បានបញ្ចូល ឬជំរុញលើកទឹកចិត្តខ្លាំងក្នុងការយកចិត្តទុកដាក់ជាពិសេស លើក្រុមងាយរងគ្រោះមួយចំនួនក្នុងវិស័យអប់រំទាំងក្នុងនិងក្រៅ ប្រព័ន្ធនៅឡើយទេ ជាពិលសសអ្នកប្លែភេទ (Transgender people) ដែលមានយ៉ាងតិចប្រមាណ ២.៥០០នាក់ ហើយដែលអត្រាឆ្លងមេរោគអេដស៍មានខ្ពស់រហូតដល់ ៩,៨ ភាគរយ”។
ក្នុងសារអេឡិចត្រូនិច (email) ដែលបានបញ្ជូនឲ្យសារព័ត៌មាន ព្រមទាំងស្ថាប័នរដ្ឋនិងមិនមែនរដ្ឋមួយចំនួនផង លោកស្រី ពុំ សុភានី មន្រ្តីផ្នែកគោលនយោបាយនិងយេនឌ័រនៃអង្គការខាណា បានសរសេរថា ដោយសារតែក្រុមប្លែងភេទទទួលការរើសអើងមាក់ងាយខ្លាំងពីសង្គម ដែលធ្វើឲ្យពួកគាត់បាត់បង់ឱកាសក្នុងការសិក្សា ការងារ និងសិទ្ធនានា ក្នុងការចូលរួមអភិវឌ្ឃសង្គម ព្រមទាំងងាយប្រឈមមុខខ្ពស់ទៅនឹងមេរោគអេដស៍និងកាមរោគផងនោះ “អង្គការខាណាមានបំណងសុំឲ្យរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុក ដាក់គាំទ្រដល់ក្រុមនេះជាពិសេសដូចស្រ្តីនិងក្មេងស្រីផងដែរ”។
កាលពីថ្ងៃទី ១ មីនា ដែល “ទិវាបញ្ឈប់ការរើសអើង” ហ៊ន ប៊ុនវីរៈ មន្រ្តីសម្របសម្រួលគម្រោងបុរសស្រឡាញ់បុរសរស់នៅជាមួយមេរោគអេដស៍ របស់បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ប្រចាំកម្ពុជាបាន ប្រាប់សារព័ត៌មានយុវវ័យថា “បើគ្មានការរើសអើង គ្មានការមាក់ងាយ និងមានតែក្តីស្រឡាញ់ នោះនាំឲ្យមានការអភិវឌ្ឍនិងមានសន្តិភាព” ដោយលោកបន្តថា ការរើសអើងដល់ក្រុមគោលដៅនេះមាននៅគ្រប់ស្ទើទីកន្លែងក្នុងប្រទេស សូម្បីតែនៅឯផ្ទះរបស់ខ្លួនក៏មានដែរ ដោយពួកគេខ្លះត្រូវបានសមាជិកគ្រួសារបណ្តេញចេញពីផ្ទះនិងរស់ នៅឯកោ។
ប៊ុនវីរៈ បានបញ្ជាក់ថា បុរសប្លែងភេទជាស្រី និងក្រុមបុរសស្រឡាញ់បុរសឯទៀតៗក៏អាចចូលរួមអភិវឌ្ឍគ្រួសារ និងសង្គមជាតិបានដែរ “តែការមាក់ងាយនិងការរើសអើងបានបន្ទុចបង្អាក់ពួកគេឲ្យនៅឯកោ និងបាត់បង់ឱកាសអភិវឌ្ឍសមត្ថភាពដើម្បីបម្រើគ្រួសារនិងសង្គម”។
បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាលបានឲ្យដឹងថា អត្រាប្រវ៉ាឡង់នៃការឆ្លងមេរោគអេដស៍នៅក្នុងចំណោមបុរសស្រឡាញ់ បុរសមាន ២,១% និងក្រុមស្រីស្រស់ (ប្រុសប្លែងខ្លួនជាស្រី) មាន ៩,៨%។ របាយការណ៍បានបញ្ចាក់ថា នេះជាអត្រាមានកម្រិតខ្ពស់ដែលតម្រូវឲ្យស្ថាប័នជំនាញ ពាក់ព័ន្ធទាំងអស់នៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិយកចិត្ត ទុកដាក់ខ្ពស់ និងចូលរួមកាត់បន្ថយការមាក់ងាយ និងការរើសអើងដល់ក្រុមគោលដៅនេះ។
ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថា នៅឆ្នាំ ២០២០ ខ្លួននឹងសម្រេចបាននូវគោលនយោបាយ “៣សូន្យ” គឺ សូន្យនៃការឆ្លងមេរោគអេដស៍ថ្មី សូន្យនៃការស្លាប់ទាក់ទងនឹងជំងឺអេដស៍ និងសូន្យនៃការរើសអើង៕