ផ្ទុះអគារ នៅអាម៉េរិក ស្លាប់ ៣នាក់, បាត់ខ្លួន ៩នាក់, និង របួស ៦៣នាក់
សារព័ត៌មាន Cambodia News/
ញូយ៉ក(១៣ មិនា ២០១៣) ៖ ការផ្ទុះក្នុងអគារ ស្នាក់នៅកម្ពស់ ៥ជាន់ មួយបានបណ្តាល ឲ្យផ្នែកកណ្តាលរបស់វា រលំចុះមក សង្កត់មនុស្ស ជាច្រើននាក់ ហើយជាលទ្ធផល មនុស្ស ៣នាក់បានស្លាប់ ៦៣នាក់ របួស និង ៩នាក់ បាត់ខ្លួននៅមេនណាថាន់ ជា តំបន់ដែលមនុស្សរស់នៅកកុញជាងគេ ក្នុង ទីក្រុងញូយ៉ក។
បើតាមការផ្សាយរបស់សារព័ត៌មាន ស៊ីអិនអិន បានឲ្យដឹងថា ការផ្ទុះអគារកាលពីថ្ងៃទី១២ ខែមីនា នោះមិន មានជាប់ពាក់ព័ន្ធ នឹងអំពើភេរវកម្មអ្វីឡើយ ប៉ុន្តែវាជាការបែកធ្លាយបំពង់ ឧស្ម័ន ដែលរហូតមក ដល់ពេល នេះក្រុមស៊ើបអង្កេតកំពុងតែស្វែករកភស្តុតាង បញ្ជាក់អំពី រឿងនេះ។ អាជ្ញាធរបានបន្ថែមថា ក្នុងចំណោម មនុស្សរងរបួសទាំង ៦៣នាក់នោះ មានពីរនាក់ស្ថិតក្នុង សភាពធ្ងន់ធ្ងរបំផុត ហើយអាចនឹងប៉ះពាល់ដល់អាយុជីវិតថែមទៀត។
អភិបាលទីក្រុងញូយ៉ក លោក ប៊ៀល ឌឺ ប្លាស៊ីយ៉ូ បានលើកឡើងថា “នេះជាសោកនាដកម្ម ដ៏អាក្រក់បំផុត ពីព្រោះវាមិនមានការចង្អុលបង្ហាញបញ្ហាឲ្យបានទាន់ពេលវេលា ដើម្បីសង្គ្រោះ ប្រជាជនពីគ្រោះថ្នាក់។” ដោយឡែកក្រុមការងារគ្រប់គ្រងឧស្ម័ន បានព្យាយាមទប់ស្កាត់ ការលេចធ្លាយហ្គាសបន្ថែមទៀតនៅនឹងកន្លែងកើតហេតុ ស្របពេលដែលប្រជាជនជាច្រើន ឈរកកកុញនៅ តាមដងផ្លូវក្បែរនោះ ហើយសម្រក់ទឹកភ្នែក៕