សម្តេចក្រុមព្រះ នឹងទៅសុំចុះបញ្ជីឈ្មោះគណបក្ស នៅក្រសួងមហាផ្ទៃ ក្រោយថ្ងៃ១៦ មីនា
សារព័ត៌មាន Cambodia News /
ភ្នំ ពេញ(០៥ មីនា ២០១៤)៖ លោកអានន្ទ ដាយ៉ាត ប្រធានខុទ្ទកាល័យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមាន ប្រសាសន៍ឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយកលិខិតសុំចុះបញ្ជីឈ្មោះ គណបក្សនយោបាយ ទៅក្រសួងមហាផ្ទៃ ក្រោយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ ។
លោកប៉ែន សង្ហារ អ្នកនាំពាក្យរបស់សម្តេចក្រុមព្រះ បានអោយឲ្យដឹងថា សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងចូលរួមក្នុងពិធីជួបជុំសំណេះសំណាលមួយ ជាមួយសមាជិកគាំទ្រ ពីគ្រប់រាជធានី-ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វ៉េ ដើម្បីប្រកាសពីការយាងចូលឆាកនយោបាយជាថ្មី។
សូម រម្លឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមានព្រះជន្ម ៧០ ព្រះវស្សា នៅឆ្នាំនេះ និងជាអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រកាសប្រាប់អ្នកកាសែតថា ព្រះអង្គនឹងវិលចូលក្នុងឆាកនយោបាយឡើងវិញ តាមរយៈការបង្កើតគណបក្សថ្មីមួយ។ ព្រះអង្គ នឹងដាក់ពាក្យស្នើសុំទៅកាន់ក្រសួង មហាផ្ទៃ ដើម្បីបង្កើតជាផ្លូវការ នៅក្នុងឆ្នាំ២០១៤នេះ៕