គ.ជ.ប អំពាវនាវឲ្យអ្នកសារព័ត៌មាន ធ្វើកាតត្រៀមយកព័ត៌មានបោះឆ្នោត ក្រុមប្រឹក្សាអាណត្តិទី២
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៥ មីនា ២០១៤) ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវទៅគ្រប់ស្ថាប័ន សារព័ត៌មានជាតិ និងអន្តរជាតិ នៅក្នុងប្រទេសទាំងអស់ ត្រូវមានប័ណ្ណសម្គាល់ខ្លួន ជាអ្នកយកព័ត៌មានដែលចេញដោយ គ.ជ.ប ដើម្បីយកព័ត៌មានក្នុងការបោះឆ្នោត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។
យោង តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ពាក្យសុំបែបបទសម្រាប់សុំប័ណ្ណសម្គាល់ខ្លួន ជាអ្នកយកព័ត៌មានផ្ដល់ជូននៅទីស្ដីការ គ.ជ.ប (បន្ទប់B23) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ទៀតថា ពាក្យសុំចុះឈ្មោះជាអ្នកយកព័ត៌មានជាតិ និងអន្តរជាតិត្រូវភ្ជាប់មកជាមួយ ច្បាប់ចម្លងនៃប័ណ្ណព័ត៌មានដែលចេញ ដោយក្រសួងព័ត៌មាន ឬសមាគមវិជ្ជាជីវៈ ឬប័ណ្ណសម្គាល់ខ្លួនជាអ្នកយកព័ត៌មាន របស់សាមីអង្គភាព, លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើប័ណ្ណព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព និងប្រវត្តិរូបសង្ខេប,ច្បាប់លិខិតឆ្លងដែន (សម្រាប់ជនបរទេស) , ត្រូវភ្ជាប់មកជាមួយនូវរូបថតសាមីខ្លួន ៤គុណ៦ ចំនួន ១សន្លឹក និង ៣គុណ៤ មួយសន្លឹក។ រយៈពេលនៃការទទួលធ្វើកាត ចាប់ពីថ្ងៃនេះ រហូតដល់ ១០ថ្ងៃមុនការបោះឆ្នោត៕