តំណាងយុវជនកម្ពុជាបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ “អង្គរសង្រ្កាន” ២០១៤
ហេង នាង /
សារព័ត៌មាន Cambodia News /
ភ្នំពេញ៖ (៣ មីនា ២០១៤)៖ លោក ហ៊ុនមានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្រ្ត នៅថ្ងៃទី ៣ មីនានេះបានដឹកនាំយុវជនមួយក្រុមទៅតំបន់ប្រាសាទអង្គរវត្ត ដើម្បីបួងសួងសុំសេចក្តីសុខនៅក្នុងការរៀបចំព្រឹត្តិការណ៍ “អង្គរសង្រ្កាន” នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបាន ឲ្យដឹងថា ពីធីបួងសួងសុំសេចក្តីសុខនេះបានធ្វើឡើងនៅទីលាណជល់ដំរីកាល ពីព្រឹកមិញ។
សេចក្តីប្រកាស បានបញ្ជាក់ថា សហភាពសហព័ន្ធយុវជននឹងរៀបចំព្រឹត្តិការណ៍ “អង្គរសង្រ្កាន” នៅតំបន់ប្រាសាទអង្គរវត្តក្នុងទឹកដីខេត្តសៀមរាបនាថ្ងៃទី ១៣-១៥ មេសា ខាងមុខនេះ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជននិងប្រជាពលរដ្ឋខ្មែរបានចូលរួម អបអរសាទរពិធី
បុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន “ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខ សប្យាយរីករាយ ស្មារតីខ្មែរតែមួយ និងផ្តល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់ពីភាពរុងរឿង ល្បីល្បាញ” របស់ដូនតាតាំងពីយូលង់មក។
ព្រឹត្តិការនេះក៏មានបំណង ឲ្យភ្ញៀវបរទេសបានស្គាល់ពីអរិយយិធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ និងបន្តកិត្យានុភាពនេះនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា លោក ហ៊ុនមានី និងយុវជនជាច្រើនាក់ទៀតនៅក្នុងសហភាពសហព័ន្ធយុវជនកម្ពុជាក៏បាន ដឹកនាំរៀបចំព្រឹត្តិការណ៍ “អង្គរសង្រ្កាន” នេះដែរកាលពីឆ្នាំមុន។ នៅឆ្នាំនេះគឺជាព្រឹត្តិការណ៍លើទីពីរ ហើយមានទ្រង់ទ្រាយធំជាងមុន និងចំណាយថវិកាច្រើនជាងមុន៕