ការប្រឈមនឹងការមាក់ងាយនិងការរើសអើងរបស់ស្រ្តីផ្ទុកមេរោគងេដស៍នៅជនបទកម្ពុជា
ឆាយ សុផល
ភ្នំពេញ (២៨ កុម្ភៈ ២០១៤)៖ ស្រ្តីខ្មែរជាច្រើននៅតាមបណ្តាខេត្តនានាដែលកំពុងរស់នៅជាមួយមេរោគអេដស៍នៅតែកំពុងប្រឈមនឹងការមាក់ងាយ និងការរើសអើងដ៏ធ្ងន់ធ្ងរដដែលពីគ្រួសាររបស់ពួកគេ ពីសហគមន៍ និងពីសង្គម។
វ៉ាន់ ចន្ធូ សមាជិកគណៈកម្មាធិការនៃសហគមន៍ស្រ្តីអ្នករស់នៅជាមួយមេរោគអេដស៍បាននិយាយថា រហូតមកដល់ពេលនេះ ស្រ្តីរស់នៅជាមួយមេរោគអេដស៍មិនត្រឹមតែទទួលបានការមាក់ងាយនិងការរើសអើងពីក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងពីអ្នកបម្រើការផ្នែក សុខភាពទៀតផង។
លោកស្រី បាននិយាយថា សហគមន៍របស់គាត់បានរកឃើញករណីរើសអើងមួយចំនួននៅខេត្តតាកែវ។ លោកស្រីបានបញ្ជាក់ថា “នៅពេលដែលបុគ្គលិកសុខាភិបាលដឹងថា ស្ត្រីម្នាក់រស់នៅជាមួយមេរោគអេដស៍ហើយមានផ្ទៃពោះ ពួកគេជាញឹកញាប់តែងតែស្តីបន្ទោសឲ្យស្ត្រីរូបនោះ។ បើទោះបីជាមានយុទ្ធនាការជាច្រើនដើម្បីបង្កើនការយល់ដឹងពីការកាត់បន្ថយការរើសអើងដល់អ្នករស់នៅជាមួយមេរោគអេដស៍ក៏ដោយ ក៏មានមនុស្សជាច្រើននៅតាមជនបទ សូម្បីតែគ្រូបង្រៀន និងបុគ្គលិកសុខាភិបាលក៏នៅតែរើសអើងដែរ”។
របាយការណ៍ស្ទង់មតិរបស់បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍កម្ពុជាដែលបានធ្វើឡើងនៅឆ្នាំ ២០១០ ក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣៩៤ នាក់ដែលត្រូវបានធ្វើបទសម្ភាសន៍បានបង្ហាញថា ៣៩% បានជួបប្រទះនឹងការរំលោភលើរាងកាយ ឬការគំរាមកំហែង ដោយសារតែស្ថានភាពមេរោគអេដស៍របស់ពួកគេ។
របាយការណ៍ស្ទង់មតិនេះបានបញ្ជាក់ថា ស្ត្រីទាំងនេះមានប្រហែលទ្វេដងទំនងជាទទួលរង សម្ពាធពីខាងផ្លូវចិត្ត ពីប្តីប្រពន្ធឬដៃគូ (៤៥ %) របស់ពួកគេ ឬត្រូវបានទទួលរងនូវបោកបញ្ឆោត (៣១%) ។
យោងតាមរបាយការណ៍ពីការិយាល័យភ្នាក់ងារសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំ កម្ពុជាបានឲ្យដឹងថា ក្នុងចំណោមស្រ្តីរស់នៅជាមួយមេរោគអេដស៍និងមានផ្ទៃពោះដែលត្រូវបានសម្ភាសន៍នៅក្នុងឆ្នាំកន្លងទៅនេះ ចំនួន ១៤ % ត្រូវបានគ្រូពេទ្យណែនាំឲ្យយកកូនចេញ ១០% នៃអ្នកផ្ទុកមេរោគអេដស៍ត្រូវបានគេបដិសេធមិនឱ្យទទួលសេវាពន្យាកំណើត សុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ៧៩% ត្រូវបានបុគ្គលិកសុខាភិបាលណែនាំមិនឲ្យយកកូន ហើយ១៩% ត្រូវបានបុគ្គលិកសុខាភិបាលណែនាំឲ្យបញ្ឈប់យកកូនអចិន្រ្តៃយ៍ដោយប្រើវិធីក្រៀវ។
នៅថ្ងៃទី ១ មីនា ឆ្នាំ ២០១៤ នេះ អ្នករៀបចំគោលនយោបាយ អ្នកបំពេញការងារនិងសកម្មជន ព្រមទាំងម្ចាស់ជំនួយដែលធ្វើការពីមេរោគអេដស៍/ជំងឺអេដស៍នៅជុំវិញពិភពលោករួមគ្នាប្រារព្ធ “ទិវាបញ្ឈប់ការរើសអើង” ដោយផ្តោតលើសិទ្ធិមនុស្សគ្រប់រូប ដើម្បីរស់នៅក្នុងជីវិតដែលមានផលិតភាពពេញលេញនិងប្រកបដោយសេចក្តីថ្លៃថ្នូរ។
បើតាមរបាយការណ៍របស់ភ្នាក់ងារសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំកម្ពុជាបានបង្ហាញថា ដោយសំអាងលើការមាក់ងាយនិងការរើសអើងអាចប៉ះពាល់ជិវិតមនុស្ស នោះទិវាបញ្ឈប់ការរើសអើងសូមអំពាវនាវដល់មនុស្សគ្រប់រូបឲ្យចេះ “បើកចិត្តឲ្យទូលាយ និងចេះជួយគ្នា” ដើម្បីផ្លាស់ប្តូរសហគមន៍ និងឈានទៅរកពិភពលោកមួយដែលមនុស្សមានសិទ្ធិស្មើគ្នា។
របាយការណ៍បានបន្តថា ដើម្បីឆ្លើយតបទៅនឹងជំងឺអេដស៍ គឺការរើសអើងដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគោលដៅងាយរងគ្រោះនៃការឆ្លងមេរោគអេដស៍មិនមែនគ្រាន់តែជាបញ្ហាសិទ្ធិមនុស្សប៉ុណ្ណោះនោះទេ តែក៏ជាឧបសគ្គដ៏ចម្បងកាន់តែច្រើនចំពោះការទទួលបានសេវាព្យាបាលមេរោគអេដស៍របស់ពួកគេផងដែរ។
លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាននិយាយកាលពីខែវិច្ឆិកាមុនថា ក្រុមគោលដៅងាយរងគ្រោះភាគច្រើន ដែលក្នុងនោះរួមមាន៖ បុរសស្រលាញ់បុរស ក្រុមស្រីស្រស់ (ប្រុសតែងខ្លួនស្រី) ស្រ្តីបម្រើសេវាកម្សាន្ត/អ្នករកស៊ីផ្លូវភេទ និងអ្នកប្រើបា្រស់ថ្នាំ ញៀនប្រភេទចាក់ កំពុងប្រឈមនឹងការមាក់ងាយនិងការរើសអើងពីសង្គម ពីសហគមន៍ និងពីគ្រួសារ ហើយឥរិយាបថបែបនេះគឺជាឫសគល់ដ៏សំខាន់ក្នុងការឆ្លងមេរោគអេដស៍នៅក្នុងចំណោមពួកគេ។
បើយោងតាមរបាយការណ៍គម្រោងមួយនៅឆ្នាំ ២០១១ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែកនិងកាមរោគបានបង្ហាញថា បច្ចុប្បន្នកម្ពុជានៅតែប្រឈមមុខនឹងការឆ្លងមេរោគថ្មីដែលមានប្រមាណ ១.២០០ នាក់ក្នុងមួយឆ្នាំ និងមានប្រហែល ៨០% បានឆ្លងតាមរយៈការរួមភេទ ខណៈដែលករណីស្លាប់ទាក់ទងទៅនឹងមេរោគអេដស៍/ជំងឺអេដស៍មានប្រហែល ២.២០០ នាក់ក្នុងមួយឆ្នាំ។
បច្ចុប្បន្ន កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ៧៥.០០០ នាក់។ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថា នៅឆ្នាំ ២០២០ ខ្លួននឹងសម្រេចបាននូវគោលនយោបាយ “៣សូន្យ” គឺ សូន្យនៃការឆ្លង មេរោគអេដស៍ថ្មី សូន្យនៃការស្លាប់ទាក់ទងនឹងជំងឺអេដស៍ និងសូន្យនៃការរើសអើង៕