តុលាការ ចាត់ទុកថា បណ្តឹងប្រឆាំងលោក ហ៊ុន សែន ខ្វះភ័ស្តុតាង
សារព័ត៌មាន Cambodia News /
ភ្នំ ពេញ(២៧ កុម្ភៈ ២០១៤)៖ នៅថ្ងៃទី២៧ កុម្ភៈ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចថា ពាក្យបណ្តឹងរបស់យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ប្រឆាំងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពីបទធ្វើឲ្យបាត់ដែនដីកោះមួយចំនួន ទៅលើប្រទេសវៀតណាមនោះ មិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បានទេ។
បន្ទាប់ពី ចូលបំភ្លឺតាមដីការបស់ ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ លោក នាង សុឃុន ជាម្ចាស់បណ្តឹង ថ្លែងទៅអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញថា បើទោះជាតុលាការចាត់បណ្តឹងនេះមិនមានភ័ស្តុតាងគ្រប់គ្រាន់ តែលោក មានជំនឿចិត្តថា ជនល្មើសនឹងត្រូវផ្តនា្ទទោសតាមច្បាប់ ហើយកោះត្រល់ និងកោះក្រចកសេះ នឹងត្រូវប្រគល់មកកម្ពុជា តាមរយៈយន្តការអន្តរជាតិ។
ប្រធាន ផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃ មាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ដោយសាររឿងក្តីនេះជារឿងផលប្រយោជន៍ជាតិរួម តុលាការគួរតែរកភស្តុតាង បន្ថែម និងស៊ើបអង្កេត ព្រោះជាកាតព្វកិច្ចរបស់តុលាការ៕