ផលវិជ្ជ និងផលអវិជ្ជមាន ពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៦ កុម្ភៈ ២០១៤)៖ ថ្លែងនៅក្នុងកម្មវិធី បូកសរុបការងារ ពាក់ព័ន្ធនឹងវិស័យ ព័ត៌មានទំាងឡាយ ឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ ២០១៤ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមគឺវាមាន ផលវិជ្ជ និងផលអវិជ្ជមាន។
លោករដ្ឋមន្រ្តីបានលើកឡើងថា ផលវិជ្ជមានគឺអាច ទទួលបានព័ត៌មានយ៉ាងរហ័ស ងាយស្រួលនៅទីណា ពេលណាក៏បាន ចំណែកផលអវិជ្ជមាន បើយើងប្រើប្រាស់ដោយគ្មានសីលធម៌ យក បណ្តាញ ទំនាក់ ទំនង មួយនេះ ជេរប្រមាថ មូលបង្គាច់ បំភ្លៃ និងបំផ្លើស ញុះញង់ អុជអាល បញ្ឆេះកំហឹង ។
លោករដ្ឋមន្រ្តី បានបន្តថា មធ្យោបាយផ្តល់ព័ត៌មានថ្មីមួយនេះ គឺបណ្តាញទំនាក់ទំនងសង្គម Facebook, Twitter, Google និង What’s App ត្រូវបានមនុស្សនៅលើពិភពលោក ប្រើប្រាស់យ៉ាងគំហុកក្នុងឆ្នាំ ២០១៣ កន្លងមកនេះ។
ដោយឡែកពាក់ព័ន្ធនឹងលេចលឺព័ត៌មានថា នឹងមានគម្រោងបិទបណ្តាញទំនាក់ទំនង Facebook ត្រូវបានក្រសួងព័ត៌មានបញ្ជាក់សារជាថ្មីថា ក្រសួងមិនមានបំណងបិទបណ្តាញទំនាក់ទំនងទាំងនោះឡើយ៕