ក្រសួងព័ត៌មាន រៀបចំសន្និបាត បូកសរុប ការងារឆ្នាំ ២០១៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៦ កុម្ភៈ ២០១៤) ៖ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ នៅទីស្នាក់ការក្រសួងព័ត៌មាន មានរៀបចំធ្វើសន្និបា បូកសរុបការងារ ពាក់ព័ន្ធនឹងវិស័យ ព័ត៌មានទំាងឡាយ ឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ ២០១៤ បន្តទៀត ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
របាយការណ៍ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅរាជធានីភ្នំពេញ មានស្ថានីយទូរទស្សន៍ ១៦ស្ថានីយ ក្នុងនោះ ១៤ ស្ថានីយផ្សាយផ្ទាល់ និង ២ស្ថានីយ ផ្សាយបន្ដពីបរទេស (វៀតណាម VIV និង បារាំង RFI), នៅតាមខេត្ដមាន ចំនួន ៧០ស្ថានីយ ផ្សាយបន្ដ (Relay Station) ពីរាជធានីភ្នំពេញ។ ស្ថានីយទូរទស្សន៍ខ្សែកាប និងប្រព័ន្ធផ្សេងៗ កំពុងដំណើរការនៅរាជធានីភ្នំពេញ មាន ៤ក្រុមហ៊ុន។
របាយការណ៍របស់ក្រសួងបន្តឲ្យដឹងថា ស្ថានីយវិទ្យុផ្សាយសំឡេងមានចំនួន ៦៩ស្ថានីយ, កាសែតចំនួន ១៣៩ អង្គភាព ទស្សនាវដ្តី ៥៦អង្គភាព, ព្រឹត្តិប័ត្រ និងសៀវភៅ ០៩ អង្គភាព, គេហទំព័រ ១៥អង្គភាព, រោងពុម្ពចំនួន ១១០អង្គភាព និង គ្រឹះស្ថានបោះពុម្ពផ្សាយ ០៦អង្គភាព។
បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងថា ក្នុងចំណោមគ្រួសារប្រជាពលរដ្ឋទូទាំងប្រទេស ២,៨លានគ្រួសារ មាន ៦៤ភាគរយ នៃចំនួនគ្រួសារសរុបមានទូរទស្សន៍មើល និង ៤១ភាគរយ មានវិទ្យុស្ដាប់។ ក្រៅពីនេះមានប្រជា ពលរដ្ឋប្រមាណ ២០ភាគរយ បានទទួលព័ត៌មានតាមប្រព័ន្ធ Internet និងបណ្ដាញសង្គម facebook ដ៏ពេញ និយម តែខ្វះក្រមសីលធម៌៕