អង្គការសហគមន៍ប្រមាណ ១០ប្រមូលផ្តុំមុខតុលាការកំពូល ទាមទារឲ្យដោះលែងអ្នកជាប់ឃុំ ២១នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៥ កុម្ភៈ ២០១៤)៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ អង្គការ និងសហគមប្រមាណ១០ ដែលមានគ្នាប្រមាណ១០០នាក់ប្រមូលផ្តុំនៅមុខតុលាការកំពូល ដើម្បីទាមទារឲ្យតុលាការ និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំ២១នាក់នៅ ពន្ធនា គារត្រពាំងផ្លុង។
សមាគម អង្គការសមាគមន៍ទាំងនោះរួមមាន ប្រជាសហគមន៍បឹងកក់ អតីតអ្នកភូមិបឹងកក់ បុរីកីឡា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាញព្រះសង្ឃឯករាជ្យ និងផ្ទះសាមគ្គីជាដើម។ អ្នកដែលចូលរួមតវ៉ាទាំងនោះធ្វើសេចក្តីថ្លែងការណ៍ នៅមុខតុលាការ និងស្ថាប័នពាក់ព័ន្ធ សម្រេចឲ្យអ្នកជាប់ឃុំ២១នាក់នៅក្រៅឃុំ។
កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូង ដោយបដិសេធបណ្តឹងសុំនៅក្រៅឃុំ របស់អ្នកជាប់ឃុំទាំង២១នាក់ ដែលត្រូវបានអាជ្ញាធរបានចាប់ខ្លួន នៅមុខរោងចក្រយ៉ាកជីង និងផ្លូវវ៉េងស្រង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា៕