គៀត សុវណ្ណាឡាង ចង់ល្បីដោយស្នាដៃសិល្បៈពិតៗរបស់ខ្លួន
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ(២២ កុម្ភៈ ២០១៤)៖ តារាចម្រៀងវ័យក្មេង កញ្ញា គៀត សុវណ្ណាឡាង សម្បូរកន្លង់ត្រសងតាមស្រង់ប្រលោមក្លិន និងមានម៉ែយ៉ែមតាមសួរថ្លៃនោះ ប៉ុន្តែតារាចម្រៀងរូបនេះបានអះអាងថា នាងមិនត្រូវការឡើយ ភាពល្បីដែលមិនមែនជាសិល្បៈខ្លួនពិតៗនោះ។
ក្រោយ ក្លាយជាតារាចម្រៀង និងជ្រកក្រោមដំបូលផលិតកម្មភ្លេងរីខត របស់រស្មីហង្សមាសនោះ កញ្ញា គៀត សុវណ្ណាឡាង ក៏បានផ្ទុះមន្តស្នេហ៍ទាក់ទាញកន្លង់ជាច្រើន លង់នឹងសម្រស់របស់នាងដែរ។ ថ្មីៗនេះក៍មានកន្លង់វ័យក្មេង ជាកូនអ្នកមានទ្រព្យស្តុកក្នុងស្រុកកំពុងតាមប្រមាញ់លម្អង ដ៏ពិដោរ នាង គៀត សុវណ្ណាឡាង ទៀតផង។
ជុំវិ ញព័ត៌មាននេះ អតីត ហ្វ្រេស៊ីហ្គើល និងជាតារាចម្រៀងក្នុងផលិតកម្ម Phleng Record កញ្ញា គៀត សុវណ្ណាឡាង បានទទួលស្គាល់ព័ត៌មានថា៖ «រឿងហ្នឹងជារឿងធម្មតាទេ យើងជាមនុស្សស្រី តែងតែមានបុរសៗតាមស្រឡាញ់ហើយ ហើយមួយទៀតតារាដូចជាខ្ញុំអ៊ីចឹងមិនអាចចៀសផុតទេ ចំពោះពាក្យដែលគេថា មានអ្នកស្រឡាញ់ ឬក៏មានអ្នកនេះអ្នកនោះមកសួរនាំពីរឿងនេះ រឿងនោះជាដើម មិនអាចចៀសផុតទេ»។
វ័យ២២ឆ្នាំ គៀត សុវណ្ណាឡាង បានបញ្ជាក់ថា៖ «គ្រប់រឿងដែលកើតឡើងនោះ វាមិនសំខាន់ទេ អាស្រ័យលើខ្លួនយើងទេថា តើខ្លួនយើងបានធ្វើឬក៏ទទួលយកឬអត់អារឿងទាំងឡាយ នោះ?»។ ជាមួយ ការបង្ហាញហេតុផលនោះ តារាសម្តែងដែលប្រែខ្លួនជាតារាចម្រៀងរូបនេះក៏បានច្រានចោ លផងដែរ ចំពោះដំណឹងចុងក្រោយ ដែលថារូបនាងបានបង្កាត់ភ្លើងស្នេហ៍នឹងបុរសវ័យក្មេង សម្បូរទ្រព្យ ម្នាក់ ដែលគេឃើញឧស្សាហ៍បណ្តើរគ្នានោះ។
កញ្ញា គៀត សុវណ្ណាឡាង បានប្រាប់ ដោយអារម្មណ៍ភ្ញាក់ផ្អើលដូច្នេះថា៖ «ពីណាគេថា ពីណាគេចុះផ្សាយ ហេតុអ្វីខ្ញុំមិនដឹងអ្វីសោះ។ ខ្ញុំមានបណ្តើរប្រុសក្មេងមែន តែមិនមែនជាសង្សារដូចគេថានោះទេ ប៉ុន្តែវត្តមានបុរសដែលខ្ញុំឧស្សាហ៍បណ្តើរ ភាគច្រើនសុទ្ធតែជាមិត្តភ័ក្ដិ បងប្អូន ព្រមទាំងអ្នកផាត់មុខឲ្យតែប៉ុណ្ណោះ មិនមែនជាគូស្នេហ៍ដូចការលើកឡើងនោះទេ»។
ទោះជាមាន ការលើកឡើង ដដែលយ៉ាងណា តែ គៀត សុវណ្ណាឡាង បានអះអាងយ៉ាងច្បាស់ថា នាងមិនខ្វល់អ្នកណាតាមស្រឡាញ់យ៉ាងណាទេ អ្វីដែលនាងកំពុងគិតនោះ គឺអាជីពចម្រៀង។ តារារូបនេះបញ្ជាក់ថា បច្ចុប្បន្ននាងមិនមានពេលវេលាដើម្បីគិតពីរឿងស្នេហានោះ ទេ ពេលនេះនាងបានបង្កើតក្រុមរាំផ្ទាល់ខ្លួនមួយ កំពុងតែហ្វឹកហាត់ ហើយកំពុងគិតថា ធ្វើយ៉ាងណាឲ្យល្អប្លែកគេ៕