ពីរនាក់ប្តីប្រពន្ធ ណាត់គ្នាមកលោតទឹកសម្លាប់ខ្លួន ពេលមកដល់លើស្ពានជ្រោយចង្វាប្រពន្ធដូរចិត្តវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២១ កុម្ភៈ ២០១៤)៖ កាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ មានហេតុការណ៍ការភ្ញាក់ផ្អើលមួយដោយមានប្តីប្រពន្ធពីរនាក់បាន ណាត់គ្នាមកលោតទឹក ប៉ងសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា ទាំងពីរនាក់។ តែពេលមកដល់លើស្ពាន ស្រាប់តែប្រពន្ធ បានដូរចិត្តវិញ។
សមត្ថកិច្ច គោលដៅទី៣ បានប្រាប់ថា ប្តីប្រពន្ធទាំងពីរនាក់ ប៉ងលោតទឹកសម្លាប់ខ្លួននោះ ឈ្មោះង្វៀង យ៉ានទីន អាយុ ២០ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ យ៉ិន សុផល អាយុ ២៨ឆ្នាំ មុខរបរអ្នកលក់នំបុ័ងដាក់សាច់ដូចគ្នា ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមសម្តី ប្តីប្រពន្ធទាំង ២នាក់ បានប្រាប់ថា កាលពីជាងមួយខែមុន ឪពុកខាងប្តី បានបបួលឲ្យទៅរកស៊ី និងស្នាក់នៅជាមួយគាត់ នៅច្បារអំពៅ ហើយប្តីចង់ទៅ តែប្រពន្ធមិនព្រម ដោយនាងចង់រកស៊ីតែ ២នាក់ ប្តីប្រពន្ធ។ ដោយនិយាយមិនចុះសម្រុងគ្នា លុះដល់ល្ងាចថ្ងៃកើតហេតុនេះ ប្តីប្រពន្ធខាងលើ ក៏បានណាត់គ្នា មកលោតទឹកលើស្ពានជ្រោយចង្វា។
ពេលមកដល់លើស្ពាន ប្រពន្ធក៏ដូរចិត្តវិញ រួចបាននិយាយលួងលោមប្តី តែប្តីមិនព្រម ក៏ចាប់ប្រទាញប្រទង់គ្នា ភ្លាមនោះក៏មានអ្នកដំណើរឃើញ រួមនឹងសមត្ថកិច្ច ជួយឃាត់ទាន់ពេល ទើបពីរនាក់ប្តីប្រពន្ធ រួចពីការប៉ងលោតទឹកសម្លាប់ខ្លួន៕