បាតុករ ៤នាក់រងរបួសដោយសារផ្ទុះគ្រាប់បែកនៅបាងកក
សារព័ត៌មាន Cambodia News/
ថៃ(១៧ កុម្ភៈ ២០១៤)៖ បាតុករប្រឆាំងរដ្ឋាភិបាលនៅទីក្រុងបាងកក បួននាក់រងរបួស ដោយសារហេតុការណ៍បំផ្ទុះគ្រាប់បែក នៅសង្កាត់រ៉ាយ៉ុងខ្លែង យប់ថ្ងៃស្រុកម្សិលមិញ។
មន្ត្រីនគរបាលនៅសង្កាត់រ៉ាយ៉ុងខ្លែង រាយការណ៍ថា ការបំផ្ទុះគ្រាប់បែកនៅយប់មិញ បណ្តាលឲ្យបាតុករ៤នាក់រងរបួស បំផ្លាញរថយន្តអស់៥គ្រឿង និងម៉ូតូពីរគ្រឿង។ ការបំផ្ទុះកើតឡើងនៅពេលដែលបាតុករប្រមាណ៥០០នាក់ បញ្ចប់ការប្រមូលផ្តុំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។
មន្ត្រីនគរបាលបញ្ជាក់ថា កន្លែងវាយប្រហារដោយគ្រាប់នោះ ស្ថិតចម្ងាយប្រមាណ១៥ម៉ែត្រពីកន្លែងប្រមូលផ្តុំរបស់បាតុករ ដូច្នេះនគរបាលសន្និដ្ឋានថា អ្នកវាយប្រហារមិនមានបំណងសម្លាប់អ្នកណាទេ គឺគ្រាន់តែចង់បំភ័យបាតុករតែប៉ុណ្ណោះ៕