ជនជាប់ចោទទាំង ២១រូប បន្ដជាប់ឃុំដដែល
សារព័ត៌មាន Cambodia News /
ភ្នំពេញ(១១ កុម្ភៈ ២០១៤)៖ សាលាឧទ្ធរណ៍ប្រកាស តម្កល់ការសម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ ឲ្យជនចោទចំនួន២១រូប ពាក់ព័ន្ធទៅនឹងបទញុះញង់ឱ្យមានការ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ ឯកជន បង្កឱ្យចលាចលក្នុងសង្គម និងអំពើហិង្សាដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួន បណ្ដោះអាសន្ននៅ មណ្ឌលកែប្រែម៣ ស្រុកពញាក្រែក ខេត្ដ កំពង់ចាម ត្រូវបានជាប់ឃុំបន្ដទៀត ។
-
កាល ពីព្រឹកថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ សាលាឧទ្ធរណ៍បានលើកយកសំណុំរឿង ពាក់ព័ន្ធទៅនឹងជនជាប់ចោទ២១រូបសុំ នៅក្រៅឃុំបណ្ដោះអាសន្ន ត្រូវបានចៅ ក្រមប្រឹក្សាលោក ឃុន លាងម៉េង, លោក ញូង ធុល, លោក យន់ ណារ៉ុង និងតំណាង មហាអយ្យការ បានសម្រេចតម្កល់ការ សម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល ។
ការសម្រេចដោយ សាលាឧទ្ធរណ៍ អវត្ដមានជនជាប់ចោទទាំង២១រូប និងចំពោះមុខមេធាវី១០រូបតំណាងឱ្យជន ជាប់ចោទ ។ ហើយនៅខាងក្រៅបរិវេណ សាលាឧទ្ធរណ៍មានមនុស្សប្រមាណជាង ៥០នាក់ បានទាមទារឱ្យមានការដោះ លែងជនជាប់ចោទឱ្យនៅក្រៅឃុំផងដែរ។
គួរ រំលឹកថា ជនជាប់ចោទទាំងអស់ មួយរយៈកន្លងទៅនេះ បានគំរាមបង្អត់ អាហារ ជាការទាមទារឱ្យមានការដោះ លែង ប៉ុន្ដែនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៤ មន្ដ្រីអនុរក្សមណ្ឌលកែប្រែម៣ អះអាងថា ជនជាប់ចោទទាំងនោះចំនួន ១០នាក់ បានទទួលទានអាហារវិញហើយ និងនៅប៉ុន្មាននាក់ទៀតនោះ បើទោះជា មិនបរិភោគបាយ ប៉ុន្ដែពួកគេសុខចិត្ដ បរិភោគទឹកដោះគោជាមួយនឹងចេក ដែលផ្ទុយពីការគំរាមបង្អត់អាហារជាថ្នូរ នឹងការដោះលែងនោះ ៕