មេដឹកនាំបាតុករថៃម្នាក់ត្រូវចាប់ខ្លួន
សារព័ត៌មាន Cambodia News/
-
ថៃ(១១ កុម្ភៈ ២០១៤) ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ មេដឹកនាំបាតុករនៅទីក្រុងបាងកកម្នាក់ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួន ដោយចោទថា បានរំលោភបំពានច្បាប់ បន្ទាប់ពីមានការប្រមូលផ្តុំនៅទីក្រុងបាងកកជាងបីខែមកនេះ ដើម្បីបណ្តេញលោកស្រី យីង ឡាក់ ចេញពីតំណែង។
សារព័ត៌មាន Channel News Asia ចុះផ្សាយថា មេដឹកនាំបាតុករដែលសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ Sontiyan Cheunruethainaitham គឺចាប់នៅពេលព្រឹកក្នុងសណ្ឋាគារដែលលោកស្នាក់នៅ ក្នុងទីក្រុងបាងកក។
ដីកាចាប់ខ្លួន មេដឹកនាំបាតុកររូបនោះ ដោយចោទថា បានរំលោភច្បាប់ និងបម្រាមប្រកាសអាសន្នរបស់រដ្ឋាភិបាល ដោយលោកនៅតែថ្លែងសន្ទរកថារាល់ថ្ងៃទៅកាន់បាតុករ ដឹកនាំការប្រមូលផ្តុំ បិទផ្លូវ និងចូលកាន់កាប់អគារវិមានរដ្ឋាភិបាល ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកស្រី យីង ឡាក់។
ការប្រមូលផ្តុំ តវ៉ានៅទីក្រុងបាងកក នៅតែបន្តកើតមានបើទោះជា រដ្ឋាភិបាលប្រកាសដាក់រដ្ឋក្នុងសភាពអាសន្ន កាលពីមុនថ្ងៃបោះឆ្នោតមុនអាណត្តិកាល ពីថ្ងៃទី២ ខែកុម្ភៈក៏ដោយ។ កន្លែងបោះឆ្នោតច្រើនកន្លែង ត្រូវក្រុមប្រឆាំងរារាំងដូចជានៅទីក្រុងបាងកក និងនៅខេត្តភាគខាងត្បូង៕