នាយករដ្ឋមន្ត្រី ក្រើនរំលឹកពលរដ្ឋតវ៉ាសុំដំឡើងប្រាក់ឈ្នួល កុំឲ្យពាក់ព័ន្ធនឹងនយោបាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១១ កុម្ភៈ ២០១៤) ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកពលរដ្ឋ ដែលមានបំណងទាមទារដំឡើងប្រាក់ឈ្នួល និងប្រាក់ខែ កុំឲ្យការទាមទារទាំងនោះ ជាប់ពាក់ព័ន្ធនឹងនយោបាយ។
-
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកពលរដ្ឋ ដែលមានបំណងទាមទារដំឡើងប្រាក់ឈ្នួល និងប្រាក់ខែ កុំឲ្យការទាមទារទាំងនោះ ជាប់ពាក់ព័ន្ធនឹងនយោបាយ។
លោក ហ៊ុន សែន បន្ត ការទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មករ១៦០ដុល្លារ គឺហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។ លោកបានលើកឡើងថា ការទាមទារដំឡើងប្រាក់ឈ្នួលណាមួយ ត្រូវតែធ្វើឡើងឲ្យសមហេតុសមផល និងកុំឲ្យមានជាប់ពាក់ព័ន្ធនឹងនយោបាយ។
គួរបញ្ជាក់ថា ការតវ៉ារបស់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាត់ស្បែកជើង កាលពីកន្លងទៅ រងការរិះគន់ពីសំណាក់រដ្ឋាភិបាល ថាមានជាប់ពាក់ព័ន្ធនឹងនយោបាយរបស់គណបក្សសង្គ្រោះជាតិ។តែគណបក្ស ប្រឆាំងមួយនេះ បានបដិសេធ៕