មន្ទីរសុខាភិបាលរាជធានី បើកយុទ្ធនាការប្រឆាំងនឹងជំងឺអេដស៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១០ កុម្ភៈ ២០១៤)៖ មន្ទីរសុខាភិបាលរាជធានី និងអង្គការក្រៅរដ្ឋាភិបាល បានសហការគ្នា ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយមានការចែកស្រោមអនាម័យនឹងធ្វើតេស្តឈាមនៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ២០១៤ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ប្រធានការិយាល័យប្រចាំតំបន់អាស៊ីបានឲ្យដឹងថា
-
កិច្ចប្រជុំនាពេលនេះ គឺដើម្បីរៀបចំផែនការគោលដៅសម្រាប់បើកយុទ្ធនាការប្រយុ ទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយមានការចែកស្រោមអនាម័យ នឹងធ្វើតេស្តឈាមនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ជាពិសេសមានការចុះអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីវិ ធីបង្ការមេរោគអេដស៍។
លោកបានបន្តថា សីលធម៌អប់រំក្នុងស្រទាប់យុវវ័យ នៃសង្គមខ្មែរ មួយរយៈពេល ចុងក្រោយនេះ ហាក់ដូចជា មានការធ្លាក់ចុះយ៉ាងគំហុក ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ។ ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានា។
ចំពោះ បញ្ហានេះក្រសួង និង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចត្រូវយក ចិត្តទុកដាក់ថែមទៀត ក្នុងការចាត់វិធានការលើក្រុមក្មេងទំនើងទាំងអស់ ដើម្បីកុំឲ្យពួកគេបង្កផល វិបាកដល់សង្គមជាតិ និងដើម្បីពង្រឹងសីលធម៌រស់នៅក្នុងសង្គមខ្មែរឲ្យបានល្អប្រសើរថែមទៀត ។
លោកវេជ្ជបណ្ឌិត ឡុង រ៉ាវី តំណាងមន្ទីរសុខាភិបាលរាជធានីបានលើកឡើងថា យុទ្ធនាការនេះ គឺមានមន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យរដ្ឋមួយចំនួនទៀត ព្រមទាំងបណ្តាអង្គការពាក់ព័ន្ធ ដោយចុះទៅតាមគោលដៅ។ លោកវេជ្ជបណ្ឌិត ឡុង រ៉ាវី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការឆ្លងមេរោគអេដស៍មានការថយចុះ បើប្រៀបធៀបទៅនឹងរយៈពេលការពីឆ្នាំមុន។
នាពេលបច្ចុប្បន្ននេះ មានបញ្ហាជាច្រើន ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សារៀនសូត្ររបស់យុវវ័យ ដូចជា៖បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងក្លឹបកម្សាន្តមួយចំនួន ដែលបានពង្វក់យុវវ័យឲ្យសប្បាយភ្លើត ភ្លើន និងភ្លេចការរៀនសូត្រ ។ ប៉ុន្តែនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ក៏មានយុវវ័យភាគច្រើន ខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីមានអនាគត ភ្លឺស្វាងនៅថ្ងៃមុខ ដោយយុវវ័យទាំងនោះ បានយកចិត្តទុកដាក់ស្តាប់ដំបូន្មាន ឪពុកម្តាយ អាណាព្យាបាល និងស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មិនដែលធ្វើសកម្មភាព អ្វីឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឡើយ។
សូមបញ្ជាក់ផងដែរថា អង្គការ AHF សកលលោក (AHF-GLOBAL) ផ្តល់សេវាថែទាំសង្គ្រោះជីវិតដល់ក្រុមប្រជាជន២៨២.២៩២នាក់ នៅក្នុង៣២ប្រទេសជុំវិញពិភពលោករួមមាន៖ សហរដ្ឋអាមេរិក, អាហ្វ្រិក, អាមេរិកឡាទីន, អាស៊ី, និងអឺរ៉ុប៕