រដ្ឋមន្ត្រីការបរទេសចិន​​សន្យាជួយស្រាវជ្រាវ​​ករណីជំងឺរាតត្បាត​​​លើកុមារកម្ពុជា

កាលពី​ថ្ងៃ​អង្គារ ទី​១០ កក្កដា ២០១២ លោក យ៉ាង ជា​ជី ( Yang JieChi )​ ប្រមុខ​ការទូត​ចិន ​ ក្នុង​ពេល​ជួប​ប្រជុំ​ជាមួយ​លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ បាន​សន្យា​បញ្ជូន​គ្រូពេទ្យ​ជំនាញ រួម​ជាមួយ​សម្ភារៈ​ ​ថ្នាំពេទ្យ មក​កម្ពុជា ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​ដំណោះស្រាយ​លើ​ជំងឺ​រាតត្បាត ដែល​បាន​សម្លាប់​កុមារ​កម្ពុជា ចំនួន ៥២ នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ប្រកាស​ដូច្នេះ  ។

សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១២ បាន​លើកឡើង​ថា ជំងឺ​ចម្លែក រាតត្បាត ដែល​សម្លាប់​កុមារ​កម្ពុជា​នោះ បាន​ឆ្លង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់ ទៅ​នឹង​សំបោរ កំ​ហាក ទឹក​មាត់ ទឹករងៃ​ចេញពី​ពង​បែក ឬ​លាមក របស់​អ្នកជំងឺ​។

ជំងឺ​នោះ ឆ្លង​រាតត្បាត​ខ្លាំង​បំផុត ក្នុង​សប្តាហ៍​ទី​១។ ជំងឺ​រាតត្បាត​ចម្លែក​លើ​កុមារ​នោះ ត្រូវ​គេ​ស្គាល់​ថា បង្កដោយ មេរោគ Enterovirus 71 ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ បើ​គិត​ចាប់ពី​ខែ​មេសា ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១២ ជំងឺ​រាតត្បាតដ៏​ចម្លែក​នោះ បាន​កើតមាន ៥៩ ករណី និង​សម្លាប់​កុមារ​កម្ពុជា​ចំនួន ៥២​នាក់​។ កុមារ​ទាំងនោះ មាន​អាយុ​ចាប់ពី ៣​ខែ ដល់ ១១​ឆ្នាំ​។​

បច្ចុប្បន្ន មិន​មាន​ការព្យាបាល​ជាក់លាក់​ណាមួយ សម្រាប់​ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់ ដែល​ជា​ជំងឺឆ្លង​រាតត្បាត​លើ​កុមារ​នោះទេ​។ ក្រសួង​សុខាភិបាល និង​​អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​ឲ្យ​ឪពុកម្ដាយ គួរ​ស្វែងរក​ដំបូន្មាន​ពី​គ្រូពេទ្យ ប្រសិន​បើ​កូន​គាត់ ក្ដៅខ្លួន ក្អួត និង​ទន់ដៃទន់ជើង​។ អ្នកជំងឺ​គួរ​ផឹក​ទឹក ឬ​វត្ថុ​រាវ​ឲ្យបាន​ច្រើន​។ ចំណែក​បុគ្គលិក​សុខាភិបាល គួរ​ព្យាបាល​អ្នកជំងឺ តាម​រោគសញ្ញា និង​មិន​ត្រូវ​ប្រើ​ថ្នាំ ស្ដេរ៉យ (Steroids) ឡើយ​​៕​

Related Articles

Back to top button
Close
Close