រកឃើញជាបឋមនៃជំងឺចម្លែកម្យ៉ាងដែលសម្លាប់កុមារនៅកម្ពុជាជាង ៦០
កាលពីថ្ងៃទី ០៨ កក្កដា ២០១២ មន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា គេបានរកឃើញអាថ៌កំបាំងនៃជំងឺចម្លែកម្យ៉ាងដែលសម្លាប់កុមារខ្មែរនៅប្រទេសកម្ពុជាជាង ៦០នាក់ ចាប់ពីពាក់កណ្ដាលខែមេសា មក។
ប្រធាននាយកដ្ឋានស្រាវជ្រាវមេរោគ វ៉ាយរឺស (Virology Unit) នៃវិទ្យាស្ថានប៉ាសស្ទ័រ លោកវេជ្ជបណ្ឌិត ហ្វីលីព ប៊ុសជី (Phillippe Buchy) បាននិយាយថា លទ្ធផលនៃការរកឃើញនេះជាជំហានដ៏សំខាន់មួយ ហើយនៅថ្ងៃអង្គារ ឬថ្ងៃពុធ សប្តាហ៍ក្រោយ លទ្ធផលបន្ថែមនៃការវិភាគរកមេរោគនេះនឹងអាចដឹងច្បាស់ថែមទៀត។
តាមប្រភពព័ត៌មាន (CNN) បានឲ្យដឹងថា ក្រោយពីវិទ្យាស្ថានប៉ាសស្ព័របានធ្វើពិសោធន៍ឈាមរបស់កុមារចំនួន ២៤នាក់ ដែលមានរោគសញ្ញានៃជំងឺនេះ លទ្ធផលបង្ហាញថា កុមារ ១៦នាក់មានមេរោគ អេនថឺរ៉ូវ៉ាយរឺស ប្រភេទ ៧១ (Enterovirus Type 71) ឬហៅកាត់ថា EV71។
ការរកឃើញនៃមេរោគ អេនថឺរ៉ូវ៉ាយរឺស ប្រភេទ ៧១ (Enterovirus Type 71) ឬហៅកាត់ថា EV71 ក៏ពុំអាចជួយព្យាបាលអ្នកជំងឺបានឡើយ ជាពិសេសគឺក្នុងករណីធ្ងន់ធ្ងរ ពីព្រោះគេពុំទាន់មានវ៉ាក់សាំងការពារ និងព្យាបាលនៅឡើយ។ ប៉ុន្តែចំពោះករណីអ្នកកើតមានជំងឺ EV71 មធ្យម ឬស្រាលនោះ គឺអ្នកជំងឺមានរោគសញ្ញា ដូចជាជំងឺផ្ដាសាយ រាក និងឈឺដៃ ជើង និងមាត់។ ទោះជាយ៉ាងនេះក៏ដោយ ករណីអ្នកដែលឈឺធ្ងន់ធ្ងរវិញ គឺអាចបណ្ដាលឲ្យមានការកកើតទឹកក្នុងខួរក្បាល នាំឲ្យកម្រើកខ្លួនមិនរួច និងស្លាប់។
លោកវេជ្ជបណ្ឌិត ប៊ិទ រិចនឺរ (Beat Richner) ដែលជាស្ថាបនិកនៃមន្ទីរពេទ្យកុមារ គន្ធបុប្ផា នៅទីក្រុងភ្នំពេញ បានឲ្យដឹងថា វិធីសាស្ត្រការពារប្រភេទជំងឺ EV71 មានសារសំខាន់ណាស់ ក៏ប៉ុន្តែនៅមានកត្តាជាច្រើនទៀត ដែលបណ្ដាលឲ្យកុមារអាយុចន្លោះ ២ ទៅ ៣ឆ្នាំ ក្នុងអំឡុងពេលជាង ៣ខែបានស្លាប់ជាង ៦៤នាក់ ។
លោកវេជ្ជបណ្ឌិត ប៊ិទ រិចនឺរ បានបន្តថា ជំងឺចម្លែកនេះគឺបានកើតឡើងចំពោះកុមារ ហើយអ្នកជំងឺមានសភាពគ្រុនក្ដៅខ្លាំង និងមានបញ្ហាផ្លូវដកដង្ហើម។ ករណីខ្លះកុមារដែលឈឺនោះ មានរោគសញ្ញាសរសៃប្រសាទ ដូចជារលាកហើមខួរក្បាល និងប្រកាច់ជាដើម៕