អាម៉េរិកថ្កោលទោស អំពើហិង្សានៅថៃ និងជំរុញឲ្យមាន ការអត់ធ្មត់
សារព័ត៌មាន Cambodia News/
វ៉ាស៊ីនតោន(២២ មករា ២០១៤) ៖ ក្រសួងការបរទេស អាម៉េរិក បានឲ្យដឹងកាលពីថ្ងៃទី២១ ខែមករាថា សហរដ្ឋអាម៉េរិក បានថ្កោលទោសយ៉ាងខ្លំាងក្លា ចំពោះអំពើហិង្សាដែលកើតឡើង នៅក្នុងទីក្រុង បាងកក ប្រទេសថៃ និងថែមទំាងបានជំរុញ ឲ្យគ្រប់ភាគីទំាងអស់ត្រូវអត់ធ្មត់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យលោកស្រី ម៉ារី ហាហ្វ ក្នុងសេចក្តីថ្លែងការណ៍ថា «យើងសូមជំរុញឲ្យគ្រប់ភាគីទំាងអស់ ត្រូវជៀសវាងពើហិង្សា ត្រូវអត់ធ្មត់ ហើយត្រូវគោរពច្បាប់»។
ជាមួយគ្នានោះដែរ សហរដ្ឋអាម៉េរិក ក៏បានអំពាវនាវឲ្យអាជ្ញាធរថៃ ត្រូវបើកការស៊ើបអង្កេត ចំពោះការវាយប្រហារដែល បណ្តាលឲ្យមានអ្នក ស្លាប់ និងរងរបួស មកទទួលខុសត្រូវផងដែរ។
ពាក់ព័ន្ធនឹងការស្ថានការណ៍វឹកវរក្នុងប្រទេសថៃ រដ្ឋាភិបាលចាំផ្ទះ របស់លោកស្រី យីងឡាក់ កាលពីថ្ងៃអង្គារ ទី២១ ខែមករា បានប្រកាសរដ្ឋ គ្រាមានអាសន្ន នៅក្នុងទីក្រុង បាងកក និងតំបន់ជុំវិញរាជធានី បន្ទាប់ពីអំពើហិង្សាបាន បន្តកើនឡើង ចាប់តំាងពីមានបាតុកម្មតំាងពី ខែវិច្ឆិកា ឆ្នាំ២០១៣មកម្លេះ។
បើតាមរបាយការណ៍បានឲ្យដឹងថា អំពើហិង្សាជាប់ទាក់ទង នឹងរឿងនយោបាយ ក្នុងប្រទេសថៃនេះ បណ្តាលឲ្យមាន មនុស្សស្លាប់ ០៩នាក់ និងរបួស ៥៥៤នាក់ ចាប់តំាងពីថ្ងៃទី៣០ ខែវិច្ឆិកា។
លោកស្រី ម៉ារី ហាហ្វ បន្ថែមថា «យើងសូមលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ ទំាងអស់ ត្រូវបេ្តជ្ញាចិត្តចូលរួមចរចា ដោយស្មោះត្រង់ ដើម្បីដោះស្រាយ ការខ្វែងគំនិតគ្នា ផ្នែកនយោបាយ ដោយសន្តិភាព និងតាមបែបប្រជាធិបតេយ្យ ហើយអាម៉េរិកសូមគាំទ្រ ដំណើរការ ប្រជាធិបតេយ្យ ក្នុងនាមសម្ព័ន្ធមិត្ត នៅតំបន់អាស៊ាន»។
អាម៉េរិកក៏បានព្រមានពលរដ្ឋខ្លួនផងដែរ ក្នុងការធ្វើដំណើរមកប្រទេសថៃ និងបានជំរុញឲ្យ ពលរដ្ឋអាម៉េរិកកំាង ត្រូវជៀសវាងឲ្យឆ្ងាយពី កន្លែងតវ៉ា និងកន្លែងប្រមូលផ្តុំ ក្នុងទីក្រុង បាងកក និងតាមបណ្តាខេត្តផ្សេងទៀត ៕ ប្រភព ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ (ប្រែសម្រួលដោយ៖ DAP)