ហ៊ុន សែន អំពាវនាវឲ្យអ្នកគាំទ្រ ប្រឆាំងទង្វើ ផ្តួលរំលំរាជរដ្ឋាភិបាល
សារព័ត៌មាន Cambodia News /
ក្រចះ(១៨ មករា ២០១៤)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ភូមិកុមារ អេសអូអេស នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី១៨ ខែមករា នេះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចំពោះទង្វើ ដែលចង់ផ្តួលរំលំ ការធ្វើរដ្ឋប្រហារ ដែលផ្ទុយពីរដ្ឋធម្ម នុញ្ញ។

លោក ហ៊ុន សែន បានប្រកាសជាសាធារណៈ ដោយអំពាវនាវយ៉ាងមុតមាំ ដល់សមាជិក សមាជិកា ដែលបោះឆ្នោតជូនគណបក្សប្រជាជន ត្រៀមប្រឆាំងតបតចំពោះទង្វើខុសច្បាប់ទាំង ឡាយណា ដែលឈានទៅដល់ការធ្វើរដ្ឋប្រហារ និងផ្ទុយពីរដ្ឋធម្មនុញ្ញ គឺក្រោកឡើងតែអស់គ្នាតែម្តង មិនអាចទុក បែបនេះបានទេ ហើយក៏មិនអាចយកប្រទេសកម្ពុជា ចាប់ជាចំណាប់ខ្មាំងបានដែរ។
ជា មួយគ្នានោះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលនៅ ឆ្នាំ២០១៤នេះ ត្រូវយកចិត្ត ទុកដាក់ជីវភាពរបស់ប្រជាជនឲ្យដំណើរការទៅមុខ គឺសាលារៀនត្រូវតែរៀន មន្ទីរពេទ្យត្រូវដំណើរការ ហើយការ បង់ពន្ធ ត្រូវបន្តជាធម្មតា។
លោក ហ៊ុន សែន ក៏បានលើកឡើងពីអ្នកផ្តល់យោបល់ទាំងឡាយ ដូចជាស្នើសុំឲ្យព្រះមហាក្សត្រដាក់រាជ និងឲ្យធ្វើជា នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចម៉ែ ឲ្យធ្វើជានាយករដ្ឋមន្ត្រី និងបង្កើតរាជរដ្ឋាភិបាលបណ្តោះអាសន្នផងដែរ។ ចំណុចនេះ សម្តេចតេជោ បានសម្តែងការរំពឹងថា ព្រះមហាក្សត្រ និងសម្តេចម៉ែមិនជឿលើការញុះញង់ទាំងនោះ ឡើយ៕