សាលាក្រុង មិនអនុញ្ញាតឲ្យលោក ជា មុនី ហែក្បួន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា
សារព័ត៌មាន Cambodia News /
ភ្នំពេញ(១៧ មករា ២០១៤) ៖ យោងតាមរយៈកិច្ចប្រជុំ រវាង អភិបាលរងរាជធានីភ្នំពេញ និងតំណាងសហជីពសេរីកម្មករកាលពីព្រឹកម៉ោង ១១ ថ្ងៃទី១៧ ខែមករានេះ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលោកជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ដើរហែក្បួន យកកម្រងផ្កាចេញពីទីស្នាក់ការសហជីពសេរីកម្មករ ទៅកាន់ទីកន្លែងប្រារព្ធពិធី នៅរូបសំណាកលោកជាវិជ្ជា លើសួនច្បារ ខាងលិចវិមានឯករាជ្យ ខាងជើងវត្តលង្កា នៅព្រឹកថ្ងៃទី២២មករាឡើយ។
-
ក្រោយ ពីចេញពីកិច្ចប្រជុំ ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ បានឲ្យដឹង ថា អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសក្នុងកិច្ចប្រជុំថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យសហជីព ហែក្បួន យកកម្រងផ្កា ទៅគោរពវិញ្ញាណក្ខន្ធសពលោកជាវិជ្ជា នៅទីតាំងតម្កល់រូបសំណាកលោកជាវិជ្ជា នៅជិតវត្តលង្កាទេ។
មូលហេតុ មកពីអាជ្ញាធររាជធានីភ្នំពេញ បានប្រកាសរួចហើយ ក្នុងលិខិត ហាមឃាត់ មិនឲ្យមានបាតុកម្ម និងការជួបជុំ ដែលបញ្ជាក់ទៅកាន់គណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្នុងបំណងកុំឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ទោះប៉ុន្តែយ៉ាងណាក៏ដោយ លោក ម៉ាន់ សេងហាក់ បានបញ្ជាក់ថា សហជីពសេរីកម្មកររបស់លោកជាមុនី នៅតែរក្សាគម្រោង ជួបជុំ ហែក្បួន ចេញពីទីស្នាក់ការសហជីព នៅជិតទួលស្លែង ទៅកាន់រូបសំណាកលោកជាវិជ្ជា នៅជិតវត្តលង្កា ដូចរៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃទី២២មករា ដើម្បីរម្លឹកខួបគម្រប់ ១០ ឆ្នាំ នៃមរណភាពលោកជាវិជ្ជា៕