ទីភ្នាក់ងារឃ្លាំមើលអាវុធបរមាណូរបស់UNនឹងប្រឹក្សាយោបល់គ្នាពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃ២៤មករា
សារព័ត៌មាន Cambodia News /
អ៊ីរ៉ង់(១៧ មករា ២០១៤)៖ ប្រធានទីភ្នាក់ងារឃ្លាំមើលអាវុធ បរមាណូរបស់អង្គការសហប្រជាជាតិលោក យឹគីយ៉ា អាម៉ាណុ(Yukiya Amano ) បានកោះហៅក្រុមប្រឹក្សារបស់លោក ឱ្យមកចូលរួមអង្គប្រជុំវិសាមញ្ញមួយ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៤ខែមករានេះ។ គោលដៅ ដែលសំខាន់ក្នុងការបើកអង្គប្រជុំវិសាមញ្ញនេះ គឺដើម្បីពិភាក្សាពីវិធីសាស្ដ្រក្នុងការបង្អាក់សកម្មភាពនុយក្លេអ៊ែរ របស់អ៊ីរ៉ង។
-
លោក Yukiya Amano បានបន្ដថា លោកនឹងប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាភិបាល៣៥ប្រទេស និងប្រទេសមហាអំណាច៦ប្រទេសផ្សេងទៀត ទាក់ទងនឹងសំណើរបស់ប្រទេសអ៊ីរ៉ង់ ដែលបានដាក់មកទីភ្នាក់ងារឃ្លាំមើលអាវុធបរមាណូ របស់អង្គការសហប្រជាជាតិ។ ជាសំណើសុំឱ្យមានការដោះស្រាយ ការរៀមចំទាក់ទងនឹងផែនការសកម្មភាពចូលរួមក្នុងការដោះស្រាយបញ្ហា នុយក្លេអ៊ែរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៤ខែវិច្ឆិកាកន្លងទៅ។
ស្ថិតនៅ ក្រោមកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលនឹងធ្វើឡើងនៅថ្ងៃទី ២០ខាងមុខ ប្រទេសអ៊ីរ៉ង់បានយល់ព្រមឱ្យបង្អាក់ កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនរយៈពេលប្រាំមួយខែ ក្នុងការផ្លាស់ប្តូរ ការដាក់ទណ្ឌកម្មនិងការសន្យាចំពោះការដាក់ទណ្ឌកម្មថ្មីនៅពេលក្រោយ។
ក្នុងអំឡុងពេល ប្រាំមួយខែនេះប្រទេសអ៊ីរ៉ង់និងមហាអំណាចទាំងប្រាំ មួយទៀតមាន អាមេរិក ចិន រុស្ស៊ីអង់គ្លេសបារាំង និងអាល្លឺម៉ង់ បានជម្រុញឱ្យមានកិច្ចព្រមព្រៀងដ៏ល្អមួយដើម្បីជម្រុញឱ្យមាន ការដោះស្រាយការប្រឈមមុខទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក Yukiya Amano បានបញ្ជាក់ថា ការងារបន្ថែមទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរនេះ គឺទាមទារឱ្យមានកញ្ចប់ថវិការគ្រប់គ្រាន់និងកម្លាំងពលកម្មផងដែរ។ ដោយឡែកសម្រាប់កញ្ចប់ថវិការរបស់ទីភ្នាក់ងារឃ្លាំមើលអាវុធបរមាណូ អង្គការសហប្រជាជាតិ គឺមានកំណត់ ដូច្នេះពិតប្រាកដណាស់ថាមិនអាចធ្វើការគ្រប់គ្រងបញ្ហាបានទាំងស្រុង នោះទេ។ នេះបើតាមការបញ្ជាក់របស់លោកកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៣៕