គូស្នេហ៍ ១គូឈ្លោះប្រកែកគ្នា ភាគីប្រុស វាយភាគីស្រី ខ្ទេចមុខ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៥ មករា ២០១៤)៖ កាលពីវេលា ម៉ោង ១១នឹង០០ នាទី យប់ថ្ងៃទី១៤ ខែមករា គូស្នេហ៍១គូ ទាស់ពាក្យសម្តីគ្នា ហើយជិះម៉ូតូឌុបគ្នា ចេញពីមជ្ឍមណ្ឌល កោះពេជ្របំណងទៅផ្ទះ ប៉ុន្តែមកឈប់ប្រកែកគ្នា នៅចំណុចតាមបណ្តោយផ្លូវសុធារស ទល់មុខក្លោងទ្វារចូលខារ៉ា អូខេសូល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយភាគីខាងប្រុសផ្ទុះហិង្សា វាយក្បាល និងមុខនារីជាសង្សារ ហូរឈាមស្រោចខ្លួន រួចយុវជនបង្កជិះម៉ូតូគេចខ្លួនបាត់។
ប្រភពព័ត៌មានពីយុវជនម្នាក់ ត្រូវមិត្តភកិ្តគូស្នេហ៍ខាងលើ បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើត ហេតុ នារីរងគ្រោះឈ្មោះ ពៅ អាយុជាង ២០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាក FZ ពណ៌ខ្មៅ ជាមួយយុវជនម្នាក់ ឈ្មោះ ក្កី អាយុ ជាង ២០ ឆ្នាំ ត្រូវជាសង្សារនារីរងគ្រោះ ដោយពួកគេបានជិះម៉ូតូឌុបគ្នា ចូលទៅលេងកម្សាន្ត ក្នុងមជ្ឍមណ្ឌលកោះពេជ្រ ។
ប្រភពដដែលបានបន្តថា ក្រោយពីជិះម៉ូតូឆ្វែល ក្នុងកោះពេជ្រ អស់ចិត្តនោះ គឺនារីរងគ្រោះនិងសង្សារ បានប្រកែកគ្នាខ្លាំងៗ តាមដងផ្លូវ បង្កការភ្ញាក់ផ្អើលតាំងពីកោះពេជ្រ រហូតដល់ចំណុចកើតហេតុខាងលើ ពួកគេបានឈប់ម៉ូតូឈ្លោះគ្នា បែកផ្សែង និងប្រតាយប្រតប់គ្នាយ៉ាងខ្លាំង ធ្វើឲ្យយុវជនជាសង្សារ ផ្ទុះហិង្សាវាយនារីជា សង្សាររបស់ខ្លួន បណ្តាលឲ្យរងរបួសបែកក្បាល និងខ្ទេចមុខ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត រួចយុវជនបង្កបានជិះម៉ូតូគេច ខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានអន្តរាគមន៍ ហៅរថយន្តសាមុយ មកដឹកនារីរងគ្រោះខាងលើនេះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ដើម្បីបន្តការសាកសួរនារីរងគ្រោះ តាម ចាប់យុវជនបង្កហេតុខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ថា គូស្នេហ៍មួយគូនេះទាស់ពាក្យសម្តីគ្នា ដោយសាររឿងអ្វី នោះទេ ប៉ុន្តែតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺទំនាស់រហូតបង្ហូរឈាមសង្សារខ្លួនឯងបែបនេះ អាចបង្កឡើងដោយសារភ្លើង ប្រភ័ណ្ឌ រវាងភាគីទាំង២ តែបើតាមមិត្តភកិ្ត របស់ពួកគេបានបង្ហើបថា ដោយសារភាគីខាងប្រុស អស់ចិត្តនឹងនារីជាសង្សារ ក៏សម្រេចបង្កើតទំនាស់ ដើម្បីដោះដៃយករួចខ្លួន៕