តារាសម្ដែង សោភ័ណ្ឌ ឡារី រងការគំរាមសម្លាប់តាមបណ្តាញសង្គម Facebook
នាង/Cambodia News/
ភ្នំពេញ(១៥ មករា ២០១៤) ៖ ថ្មីៗនេះ តារាសម្ដែងរាងសង្ហារដែលមានប្រជាប្រិយភាព លោក សោភ័ណ្ឌ ឡារី ត្រូវបានជនអានាមិកសរសេរសារតាមប្រព័ន្ធអេឡិច ត្រូនិច គំរាមសម្លាប់ អំឡុងពេលដែលលោកចូលរួមយ៉ាងសកម្មជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើមហាបាតុកម្មអហិង្សា។
-
តារា សម្ដែង សោភ័ណ្ឌ ឡារី បានឲ្យដឹងថា លោកត្រូវបានជនមិនស្គាល់មុខសរសេរសារចំនួនពីរ ផ្ញើតាម SMS នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ក្នុងន័យគំរាមសម្លាប់។ អត្ថន័យសារសរសេរថា «ឯងមានឈ្មោះ ល្បីក្នុងសិល្បៈ ឥឡូវចង់ក្លាយជានាយករដ្ឋមន្ត្រីមែន ហ្នែងធ្លាប់ស្គាល់គ្រាប់កាំភ្លើងអត់>> និងសារមួយទៀតថា «ហ្នែង រស់នៅ បានតែប៉ុន្មានថ្ងៃទៀតទេ អញនឹងកម្ចាត់ឯងចោលហើយ»។
លោក ឡារី បានចាត់ទុកសារដែលជនមិនស្គាល់មុខបានផ្ញើទៅនោះ គឺជាគំរាមគំហែង និងរើសអើងផ្នែកនយោបាយ ដោយអំពាវនាវឲ្យសមត្ថកិច្ច ជួយវែកមុខជនដែលគំរាមសម្លាប់នោះ យកទៅផ្តន្ទាទោសតាមច្បាប់។
បើទោះជា មានការគំរាមកំហែងក្តី តារាសម្តែង លោកឡារី អះអាងថា លោកនៅតែបន្ដឆន្ទៈ និងសកម្មភាពសប្បុរសធម៌ ក្នុងសង្គមជាតិបន្ដទៀត ដោយមិនរាថយឡើយ។ លោកបានស្នើឲ្យអ្នកប្រើហ្វេសប៊ុក ប្រកាន់ក្រមសុជីវធម៌ ក្នុងការបញ្ចេញមតិយោបល់ ជៀស វាងការប្រើមធ្យោបាយនានា ដែលនាំឲ្យមានការដាក់បន្ទុកលើគណបក្សនយោបាយទាំងពីរ៕