ក្រុមនារីរងការរំលោភសិទ្ធសុំឲ្យអាស៊ាន ដាក់បញ្ចូលបទដ្ឋានជាក់លាក់ក្នុងកិច្ចការពារសិទ្ធិនារី
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងបង្កើតឲ្យបាននូវសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន ក្នុងអាណត្តិដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ាន ក្រុមនារីដែលធ្លាប់ជួបការរំលោភសិទ្ធិមនុស្ស បានមកជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ចង់ឲ្យសេចក្ដីប្រកាស ស្ដីពីសិទ្ធិមនុស្ស អាស៊ាន ដាក់បញ្ចូលបទដ្ឋានជាក់លាក់ក្នុងកិច្ចការពារសិទ្ធិនារី នៅក្រោមការសម្របសម្រួលរបស់អង្គការធ្វើការងារទាក់ទងនឹងសិទ្ធិ ស្ត្រី។
នៅព្រឹកថ្ងៃទី៦ កក្កដា អ្នកស្រី ទេព វន្នី តំណាងស្ត្រីអ្នកភូមិបឹងកក់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ក្រុមស្ត្រីពួកគាត់ដែលបណ្ដេញចេញ បានរងការរំលោភសិទ្ធិគ្រប់បែបយ៉ាង ដូច្នេះអ្នកស្រី សង្ឃឹមថា បទដ្ឋានច្បាប់ក្នុងតំបន់អាស៊ាន ដូចជា សេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន នឹងជួយឲ្យរដ្ឋាភិបាលក្នុងប្រទេសទាំងឡាយជាសមាជិកអាស៊ាន ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ឲ្យគោរពសិទ្ធិមនុស្ស។
អ្នកស្រី ធីតា ឃិះ នាយិកាអង្គការសីលកា និងជាតំណាងបណ្ដាញអង្គការបណ្ដុំស្ត្រីនៅកម្ពុជាបាននិយាយថា ប្រសិនបើសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន ដែលកំពុងតាក់តែងនោះ ពុំមានតម្លៃដែលអាចជួយពលរដ្ឋពីការរំលោភសិទ្ធិទេ អាស៊ាន អាចនឹងជួបការលំបាកនៅពេលដែលបង្កើតជាសហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥។
លោក សួន ប៊ុនសក្តិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្ស នៅកម្ពុជា (CRHAC) បាននិយាយថា ដើម្បីបញ្ចៀសកង្វល់របស់សង្គមស៊ីវិល គួរតែរដ្ឋាភិបាលបង្ហាញសេចក្ដីព្រាងដែលអាចឲ្យពួកគេផ្ដល់យោបល់បាន។
បច្ចុប្បន្នសេចក្ដីព្រាង សេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន កំពុងស្ថិតក្នុងដៃគណៈកម្មាធិការអន្តររដ្ឋាភិបាលទទួលបន្ទុកសិទ្ធិ មនុស្សអាស៊ាន ហើយសេចក្ដីព្រាងនេះនឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន នៅខែធ្នូ ឆ្នាំ២០១២ ដើម្បីអនុម័តឲ្យទៅជាបទដ្ឋានច្បាប់ សម្រាប់កិច្ចការពារសិទ្ធិមនុស្សនៅក្នុងប្រទេសជាសមាជិកអាស៊ាន៕