ក្រុមបាតុករ​អាវលឿង​បាន​ផ្តើម​បិទខ្ទប់​ក្រុង​បាងកក តែ​នៅ​មិន​ទាន់​ផ្ទុះអំពើហិង្សា​ទេ

នៅ ​ក្នុង​ប្រទេស​ថៃ ដូច​ដែល​បាន​គ្រោង​ទុក តំាង​ពី​ព្រលឹមស្រាងៗ​ព្រឹក​ថ្ងៃចន្ទ ទី១៣ មករា​នេះ ក្រុមបាតុករ​អាវលឿង​ដឹកនំា​ដោយ​លោក​អតីត​ឧបនាយករដ្ឋមន្រ្តី​ស៊ូថេប​ រាប់ម៉ឺននាក់​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម ដោយ​បាន​បិទខ្ទប់​ច្រកចេញ​ចូល​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទីក្រុង​បាងកក។ នៅ​តាម​ដងផ្លូវ គេ​សង្កេត​ឃើញ​មាន​ច្រើន​ម៉ូតូតាក់ស៊ី ព្រោះ​ចំនួន​មនុស្ស​​ណែនណាន់ តាន់តាប់​មិន​អាច​អនុញ្ញាត​ឲ្យ​រថយន្ត​បើកបរ​បាន​ទេ។ អ្នក​ចេញ​ទៅ​ធ្វើ​ការងារ​ភាគច្រើន​បាន​នំា​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តាញ​ ដឹកជញ្ជូន​សាធារណៈ ពិសេស​រថភ្លើង​លើដី និង​ក្រោមដី។

គឺ ​ជា​បរិយាកាស​មួយ​ដែល​ទីក្រុង​បាងកក​មិន​សូវ​ជួបប្រទះ​ទេ​នៅ​ថ្ងៃ​នេះ ពិសេស​នៅ​ក្នុង​សង្កាត់ពាណិជ្ជកម្ម Silom។ សង្កាត់​ដែល​ក្រុមបាតុករ​បាន​ជ្រើស​យក​ជាទីកន្លែង​យុទ្ធសាស្រ្ត​មួយ​ក្នុង​ ចំណោម​ទីកន្លែង​យុទ្ធសាស្រ្ត​ចំនួន ៧ ដើម្បី​ធ្វើ​មហាបាតុកម្ម​បិទខ្ទប់​ទីក្រុង​បាងកក​ថ្ងៃ​នេះ។ ក្នុង​ពេល​ធម្មតា សង្កាត់ពាណិជ្ជកម្ម Silom នេះ​មាន​សកម្មភាព​ជំនួញ​អ៊ូអរ ព្រម​ទំាង​មាន​ចរាចរណ៍​តាម​ផ្លូវ​ណែនណាន់ តាន់តាប់​ទៀត​ផង។ តែ​ពេល​នេះ ចរាចរណ៍​របស់​រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​បាតុករ​ រាប់សិប​ពាន់​នាក់។ វា​លើកលែង​តែ​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ​ចេញ​ប៉ុណ្ណោះ ពិសេស​រថភ្លើង​លើ​ដី និង​ក្រោម​ដី​ដែល​កំពុង​មាន​ចរាចរណ៍​ធម្មតា និង​ដែល​ដឹក​ពេញ​ដោយ​មនុស្សម្នា​ខុស​ពី​សព្វ​មួយ​ដង​ដែល​ព្យាយាម​ធ្វើ​ដំណើរ ​ទៅ​កាន់​កន្លែង​ធ្វើ​ការ​របស់​ខ្លួន។ តែ​មាន​សាលារៀន និង​មហាវិទ្យាល័យ​ជា​ច្រើន​បាន​បិទទ្វារ។

តាម​ការ​សង្កេត​ជា​រួម​ឃើញ​ថា ក្រុមបាតុករ​អាវលឿង​ពិត​ជា​បាន​បិទខ្ទប់​ទីក្រុង​បាងកក​ដូច​ដែល​ពួក​គេ​បាន​ គ្រោង​ទុក​មែន ហើយ​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ផ្ទុះអំពើហិង្សា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ ទេ។ នៅ​ក្នុង​សង្កាត់​ផ្សេង​ទៀត​ក្នុង​ទីក្រុង​បាងកក ក្បួនបាតុកម្ម​ក៏​មាន​ដំណើរការ​ប្រកប​ដោយ​ភាព​ស្ងប់ស្ងាត់​ដែរ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​ដាក់ពង្រាយ​កម្លំាង​ប៉ូលិស និង​ទាហាន​សរុប​ប្រមាណជា ២០ ០០០នាក់ ដើម្បី​ការពារ​សន្តិសុខ និង​រក្សាសណ្តាប់ធ្នាប់សង្គម។ យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​បូកសរុប​លទ្ធផល​នៃ​មហាបាតុកម្ម​របស់​ ក្រុមអាវលឿង​ក្នុង​ថ្ងៃ​នេះ​បាន​ឡើយ ពិសេស​ថា​តើ​ពួក​គេ​នឹង​អាច​កាច់បំបាក់​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ បាន ឬ អត់?។

ដោយឡែក និង​ចំ​ពេល​ដែល​ក្រុមអាវលឿង​កំពុង​ធ្វើ​បាតុកម្ម​ក្នុង​ក្រុង​បាងកក ក្រុមអាវក្រហម​គំាទ្រ​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ក៏​កំពុង​ធ្វើ​ បាតុកម្ម​ដែរ តែ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្បែរ​ទីក្រុង​បាងកក ដោយ​មិន​ចូល​ក្នុង​ក្រុង​បាងកក​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close