លោកស្រី ហាស៊ីណា ចូលកាន់តំណែងនាយករដ្ឋមន្ត្រីអាណត្តិថ្មី ក្រោមការជំទាស់របស់បក្សប្រឆាំង
នៅបង់ក្លាដែស ថ្ងៃអាទិត្យនេះ លោកស្រី Sheikh Hasina បានស្បថស្បែរ ចូលកាន់តំណែង បន្តធ្វើជានាយករដ្ឋមន្ត្រី អាណត្តិថ្មី៥ឆ្នាំ តទៅទៀត។ លោកស្រី បានសន្យាថា នឹងដឹកនាំបង់ក្លាដែស អោយមានស្ថិរភាព។ ពិធីចូលកាន់តំណែងនេះ មានការចូលរួមពីសមាជិករដ្ឋាភិបាល មន្ត្រីយោធា និងអ្នកការទូតបរទេស សរុបប្រមាណជា១០០០នាក់។
គណបក្សជាតិនិយមបង់ក្លាដែស ជាបក្សប្រឆាំងដ៏ធំនោះ នៅតែជំទាស់នឹងរដ្ឋាភិបាល ហើយបានទាមទារអោយរៀបចំការបោះឆ្នោត ជាថ្មីម្តងទៀត។ លោកស្រី ខាឡេដា ហ្ស៊ីយ៉ា ជាមេដឹកនាំបក្សប្រឆាំង បានចាត់ទុកការបោះឆ្នោតជាតិ ថ្ងៃ៥មករាកន្លងមក ថាជា ឆាកកំប្លែង។ គួររំលឹកថា គណបក្សប្រឆាំងបានធ្វើពហិការមិនបានចូលរួមក្នុងការបោះឆ្នោត កាលពីថ្ងៃ៥មករា នោះទេ។
ការបោះឆ្នោត ថ្ងៃ៥មករា ជាការបោះឆ្នោតដែលមានតែគណបក្សកាន់អំណាច របស់នាយករដ្ឋមន្ត្រី Sheikh Hasi តែមួយប៉ុណ្ណោះ។ ដូច្នេះ គ្មានអ្វីគួរអោយងឿងឆ្ងល់នោះទេ ពេលនាយករដ្ឋមន្ត្រីហាស៊ីណា បានឈ្នះឆ្នោត ដោយទទួលបានអាសនៈសភាកាន់កាប់ ដល់ទៅ៨០ភាគរយ។
ដោយឡែក ការបោះឆ្នោតជាតិកន្លងមក បានប្រព្រឹត្តទៅ ក្រោមអំពើហិង្សា។ មានមនុស្សយ៉ាងហោច២៦នាក់ បានបាត់បង់ជីវិត។ កាលពីថ្ងៃពុធ គណបក្សប្រឆាំងបានអំពាវនាវអោយធ្វើបាតុកម្មជាថ្មីទៀត តែមានតែសកម្មជនប្រឆាំងភាគតិចប៉ុណ្ណោះដែលបានស្តាប់តាមការអំពាវនាវ នេះ ព្រោះថា សកម្មជនប្រឆាំងមួយចំនួនធំ ត្រូវបានអាជ្ញាធរចាប់ខ្លួន តាំងពីមុនការបោះឆ្នោតម្ល៉េះ។
លោកស្រី ហ្ស៊ីយ៉ា ជាមេគណបក្សប្រឆាំង ត្រូវបានអាជ្ញាធរឃុំឃាំងក្នុងគេហដ្ឋាន ជាង២សប្តាហ៍មកហើយ។ នៅថ្ងៃសៅរ៍ម្សិលមិញ អាជ្ញាធរបានបន្ធូរលក្ខខណ្ឌអោយគាត់បន្តិច ដោយអោយគាត់អាចចាកចេញពីគេហដ្ឋាន បានជាលើកទី១។
គិតចាប់ពីពេលបង្កើតឡើងក្នុងឆ្នាំ១៩៧១មក បង់ក្លាដែសបានរងអំពើហិង្សាសម្លាប់មនុស្សច្រើនបំផុត ក្នុងឆ្នាំថ្មី២០១៤នេះ។ យោងតាមអង្គការក្រៅរដ្ឋាភិបាលមួយ អំពើហិង្សាទាំងអស់កន្លងមក អាចសម្លាប់មនុស្សរហូតដល់៥០០នាក់ឯណោះ ក្នុងនោះ បើគិតពីខែតុលា ឆ្នាំ២០១៣មក មាន១៥០នាក់ស្លាប់ ក្នុងកូដកម្ម បាតុកម្ម ប្រឆាំងរដ្ឋាភិបាល៕ដោយ ព្រំ សឿន សូលីណា (RFI)